សារព័ត៌មានកោះត្រល់

ការ​សាងសង់​ទំនប់​អាច​ជា​ទី​បញ្ចប់​នៃ​ត្រី​រាជ

Friday, June 21, 20130 comments

130621_07
ត្រី​រាជដែល​អ្នក​នេសាទ​ចាប់​បាន​ នៅ​ទន្លេ​មេគង្គ កាល​ពី​ពេល​កន្លង​មក​​​។ រូបថត សហ​ការី



ភ្នំពេញៈ ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ​ក្រោម ដូចជា​គម្រោង​សាយ៉ាប៊ូរី​ដ៏​ចម្រូង​ចម្រាស នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ អាច​ជា​ទី​បញ្ចប់​នៃ​ប្រភេទ​ត្រី​រាជ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ ដែល​កំពុង​ជិត​ផុត​ពូជ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ចាត់​ឲ្យ​សិក្សា​ដោយ​អង្គការ​សត្វ​ព្រៃ​ ពិភពលោក WWF បាន​ឲ្យ​ដឹង។
អត្ថបទ​សិក្សា​មាន​ចំណង​ជើង​ថា A Mekong Giant ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​លើក​ឡើង​អំពី​អាទិភាព​នៃ​ប្រភេទ​ត្រី​រាជ​ គ្មាន​ស្រកា​ដែល​អ្នក​ជំនាញ​ថា អាច​មាន​ត្រី​ពេញ​វ័យ​ចំនួន​តែ​ពីរ​រយ​ក្បាល​ប៉ុណ្ណោះ​នោះ​កំពុង​ស្ថិត​ ក្នុង​ការ​គំរាម​កំហែង​បន្ថែម​ទៀត​ពី​ទំបន់​សាយ៉ាប៊ូរី​កម្លាំង ១២៨៥ មេហ្គាវ៉ាត់ ដែល​ជា​ទំនប់​ទី១ ក្នុង​ចំណោម​ទំនប់​ចំនួន ១១ ដែល​គ្រោង​សាង​សង់​នៅ​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ក្រោម។ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖​«​ផល​ប៉ះពាល់​ពី​ទំបន់​អាច​ធ្វើ​ឲ្យ​ប្រភេទ ​ត្រី​នេះ​ផុត​ពូជ»។
លោក Zeb Hogan អ្នក​និពន្ធ​របាយ​ការណ៍ និង​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ Nevada ក្នុង​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ប្រភេទ​ត្រី​ធំ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ​អាច​នឹង​ពង​តាម​ទន្លេ ដែល​ជា​កន្លែង​កំពុង​សាង​សង់​ទំនប់​សាយ៉ាប៊ូរី​តម្លៃ ៣,៥ ពាន់​លាន​ដុល្លារ​។ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ផល​នៃ​ទំនប់​នេះ​អាច​ផ្លាស់​ប្តូរ​លំហូរ​ទឹក​ទន្លេ និង​បង្អាក់​ការ​បង្ក​កំណើត​ពង​ត្រី​នេះ។ លោក​បាន​បន្ត​ថា​៖«​ត្រី​អាច​នឹង​ងាប់ បើ​វា​ឆ្លង​កាត់​ទួរប៊ីន​ទំបន់ ហើយ ផល​ប៉ះពាល់​កើន​ឡើង​នៃ​ទំនប់​នេះ​គឺជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​»។ លោក Hogan បន្ថែម​ថា ត្រី​រាជ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ​ដែល​អាច​ធំ​បាន​ប្រវែង ៣ ម៉ែត្រ និង​ទង្ងន់ ៣០០ គីឡូក្រាម ត្រូវ​ការ​ខ្សែ​ទឹក​ធំ​វែង​គ្មាន​បង្អាក់​ដើម្បី​ធ្វើ​បន្លាស់​ទី។​លោក​ បញ្ជាក់​ថា៖«​ត្រីរាជ​គ្មាន​ស្រកា​នៅ​ទន្លេ​មេគង្គ​មិន​អាច​ហែល​ឆ្លង​កាត់​ រនាំង​ធំ ដូច​ជា​ទំនប់ ទៅ​កាន់​កន្លែង​ពង​កូន​នៅ​ខ្សែ​ទឹក​ខាង​លើ​បាន​ឡើយ​»។
ក្រុម​អង្គការ​អភិរក្ស​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាំង​លើ​ផល​ប៉ះពាល់​ដែល ​អាច​មាន​ពី​ទំនប់​សាយ៉ាប៊ូរី និង​ទំនប់​ដទៃ​ទៀត​មក​លើ​ប្រជាជន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ដែល​ពឹង​ផ្អែក​លើ​ត្រី​ជា​អាហារ និង​លំហូរ​ដី​ល្បាប់​សម្រាប់​កសិកម្ម។
ក្រុម​អង្គការ​ដដែល​នេះ បាន​ថ្កោល​ទោស​ប្រទេស​ឡាវ នៅ​ពេល​ឡាវ ចាប់​ផ្តើម​សាង​សង់​ទំនប់​សាយ៉ាប៊ូរី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដោយ​ចោទ​ប្រកាន់​ឡាវ​ថា មិន​អើពើ​ចំពោះ​សំណើ​ពី​ប្រទេស​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ គឺ​កម្ពុជា និង​វៀតណាម ដែល​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ផល​ប៉ះពាល់​ឆ្លង​កាត់​ព្រំដែន​ដែល​អាច​កើត​ឡើង។
ក្រោម​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ ប្រទេស​សមាជិក​ត្រូវ​ទទួល​ការ​ព្រម​ព្រៀង​ពី​ប្រទេស​សមាជិក​ដទៃ​ទៀត​មុន​ពេល ​ចាប់​ផ្តើម​គម្រោង​ដែល​មាន​ទំហំ​ធំ​បែប​នេះ នៅ​លើ​ទន្លេ។ ឡាវ​បាន​ការពារ​ខ្លួន​ឯង នៅ​ពេល​នោះ ដោយ​ថ្លែង​ថា ខ្លួន​បាន​ចាត់​ឲ្យ​ធ្វើ​ការ​សិក្សា​រួច​ហើយ ដែល​បញ្ជាក់​ថា គម្រោង​មាន​សុវត្ថិភាព។
ប៉ុន្តែ លោក Eric Baran មក​ពី​មជ្ឈមណ្ឌល​មច្ឆា​ពិភពលោក បាន​ថ្លែង​ថា ការ​សិក្សា​ស្រាវជ្រាវ​ថែម​ទៀត គឺ​ចាំ​បាច់ ដើម្បី​ធានា​ថា ការ​រៀបចំ​សម្រាប់​ការ​បន្លាស់​ទី​របស់​ត្រី​ដែល​ស្នើ​ដោយ​ក្រុមហ៊ុន Poyry នៃ​ប្រទេស​ហ្វាំងឡង់ ដែល​ជា​ទី​ប្រឹក្សា​សំណង់​របស់​ឡាវ នឹង​មាន​ប្រសិទ្ធភាព​។​លោក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​មួយ​ថា៖ «​អ្នក​មិន​អាច​រំពឹង​ថា ជណ្តើរ​ត្រី​នឹង​មាន​ប្រសិទ្ធភាព ដោយ​មិន​យល់​ដឹង​អំពី​ប្រភេទ​ត្រី​ជា​គោល​ដៅ​របស់​អ្នក​នៃ​លទ្ធភាព​ហែល ទឹក​និង​ចរន្ត​ទឹក ដែល​នឹង​ទាក់​ទាញ​ត្រី​មក​កាន់​ច្រក​ឆ្លង​កាត់​នេះ»។
ទំនប់​សាយ៉ាប៊ូរី ដែល​សាង​សង់​ដោយ​ក្រុមហ៊ុន CH. Karnchang របស់​ថៃ ត្រូវ​បាន​រាយការណ៍​ថា បាន​ដំណើរការ​សាងសង់​បាន ១០ ភាគរយ​ហើយ ហើយ​វា​នឹង​ផ្តល់​ថាមពល​ភាគ​ច្រើន ទៅ​ប្រទេស​ថៃ នៅ​ពេល​បញ្ចប់​ការ​សាងសង់។
អង្គការ​ទន្លេ​អន្តរជាតិ បាន​ថ្លែង​ថា កម្ពុជា វៀតណាម និង​ថៃ មាន​សិទិ្ធ​ស្នើ​សុំ​សំណង​ចំពោះ​ការ​ខូច​ខាត ដែល​បង្ក​ឡើង​ដោយ​ទំនប់​សាយ៉ាប៊ូរី​ដ៏​ចម្រូង​ចម្រាស​នេះ។
ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ប្រទេស​ទាំង​បី​នៅ​ស្ងាត់​ស្ងៀម​ចាប់​តាំង​ពី​ឡាវ​បាន​ចាប់​ ផ្តើម​ការ​សាង​សង់​ទំនប់​នេះ​មក​គឺ​អាច​ដោយ​សារ​តែ​ផល​ប្រយោជន៍​វារី​ អគ្គិសនី​រៀងៗ​ខ្លួន​របស់ រដ្ឋាភិបាល​ទាំង​នេះ​នៅ​លើ​ទន្លេ​មេគង្គ។
អង្គការ​ទន្លេ​អន្តរជាតិ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា​ថា៖ «​រដ្ឋាភិបាល​ឡាវ កម្ពុជា ថៃ និង​វៀតណាម កំពុង​គ្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​កាន់​តែ​ច្រើន នៅ​តាម​ទន្លេ​មេគង្គ​ក្រោម ដែល​ការ​សាង​សង់ ទំនប់​ទាំង​នេះ​នឹង​បំផ្លាញ​ជីវ​ជម្រុះ​នៃ​ទន្លេ និង​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង របស់​មនុស្ស​រាប់​លាន​នាក់​»។
លោក​តែ ណាវុធ អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ពុំ​បាន​ដឹង​អំពី​ការ​រក​ឃើញ​របស់​អង្គការ WWF ទេ។​លោក​និយាយ​ថា៖ «​គណៈ​កម្មការ​ទន្លេ​មេគង្គ​មាន​កម្មវិធី​ជល​ផល ប៉ុន្តែ​ខ្ញុំ​គ្មាន​ការ​អត្ថាធិប្បាយ​អំពី​ត្រី​រាជ​គ្មាន​ស្រកា​ទន្លេ​ មេគង្គ​នោះ​ទេ»​។ លោក​តែ ណាវុធ ក៏​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​ជំហរ​របស់​លោក ឬ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា លើ​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី​នោះ​ទេ ដោយ​បាន​បញ្ជាក់​ថា​៖ «​ឡាវ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ហើយ​។ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ»។
មន្រ្តី​មក​ពី​នាយកដ្ឋាន​ជលផល​នៃ​ក្រសួង​កសិកម្ម​នៅ​ភ្នំពេញ ពុំ​អាច​ទាក់​ទង​បាន​ទេ ប៉ុន្តែ​លោក សៀន គីន ប្រធាន​ជលផល​ក្នុង​ខេត្ត​ក្រចេះ ជា​ខេត្ត​មួយ​ដែល​មាន​ទន្លេ​មេគង្គ​ហូរ​កាត់ បាន​ថ្លែង​ថា លោក​បាន​មើល​ឃើញ​ភ័ស្តុតាង​នៃ​ការ​ធ្លាក់​ចុះ​ត្រី​កម្រ​រួច​ជា​ស្រេច​ទៅ​ ហើយ។
លោក​បាន​បញ្ជាក់​ថា៖​«របាយ​ការណ៍​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​បរទេស។ ខ្ញុំ​យល់​ស្រប នឹង​ពួកគេ​ដែល​ថា ការ​សាង​សង់​ទំនប់​សាយ៉ាប៊ូរី​នឹង​ប៉ះពាល់​ដល់​ត្រី​»។
លោក គីន បន្ថែម​ថា លោក​មិន​បាន​ជួប​ត្រី​រាជ​គ្មាន​ស្រកា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ «អ្នក​នេសាទ​យើង​កម្រ​ឃើញ​ត្រី​នេះ​ណាស់។ នៅ​សល់​តែ​ពីរ​ឬ​បី​ក្បាល​ប៉ុណ្ណោះ​ក្នុង​ខេត្ត​ក្រចេះ»។
របាយ​ការណ៍​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ត្រី​រាជ​គ្មាន​ស្រកា​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​ការ​នេសាទ ​ជ្រុល ការ​បំផ្លាញ​ទី​ជម្រក និង​ការ​សាង​សង់​ទំនប់​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ក៏​ដោយ ក៏​ប៉ុន្តែ​ត្រី​នេះ​នៅ​តែ​អាច​ជួយ​សង្គ្រោះ​បាន​ដដែល​។ របាយ​ការណ៍​បាន​ផ្តល់​អនុសាសន៍​ថា៖​«​វិធានការ​ត្រូវ​កំណត់​និង​ការពារ​ច្រក ​បន្លាស់​ទី​របស់​ត្រី​និង​ទី​ជម្រក​សំខាន់​របស់​វា ត្រូវ​អនុវត្ត​ជា​បន្ទាន់​។ ត្រី​រាជ​ទន្លេ​មេគង្គ​នេះ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​សហ​ប្រតិបតិ្តការ​អន្តរជាតិ​រាប់​ទាំង ​ផែនការ​គ្រប់​គ្រង​អាង​ទន្លេ​ផង​ដែរ​»៕ TK
(ភ្នំពេញប៉ុស្តិ៍)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com