សារព័ត៌មានកោះត្រល់

ហាណូយនឹងផ្តល់ជំនួយជា​ អគារសិក្សាដល់ភ្នំពេញ

Thursday, June 20, 20130 comments




នាព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៣ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូន ឯកឧត្តម Ngo Anh Dung ឯកអគ្គរដ្ឋសាធារណរដ្ឋសង្គម និយមវៀតណាមចូលជួបពិភាក្សាការងារនៅសាលា រាជធានីភ្នំពេញ។
នៅក្នុងជំនួបពិភាក្សាការងារនាឱកាសនោះ ឯកឧត្តម Ngo Anh Dung បានរំលឹកឡើងវិញពីជំនួយរបស់ រដ្ឋធានីហាណូយដែលគ្រោងនឹងជួយដល់រាជធានីភ្នំពេញក្នុងការសាងសង់អគារសិក្សា ដែលបានបញ្ជាក់ នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយគណៈប្រតិភូរដ្ឋធានីហាណូយដែល ដឹកនាំដោយ ឯកឧត្តម ផាម ក្វាងងី សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ក៏បានមានប្រសាសន៍ថា យើងមានការយឺតយ៉ាវក្នុងការស្វែងរកទីតាំង ដើម្បីសាងសង់ តែទោះបីជាយ៉ាងនេះក្តី ឯកឧត្តម បានកំណត់យក ទីតាំងសាលាបឋមសិក្សាភ្នំដូនពេញជាទីតាំង សម្រាប់ធ្វើការសាងសង់អគារសិក្សាមួយខ្នងថ្មីនេះ។
បន្ទាប់មកឯកឧត្តម Ngo Anh Dung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយមន្រ្តី ជំនាញរបស់សាលារាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យ ទីតាំងផ្ទាល់ក្នុងគោលបំណងដើម្បីត្រួតពិនិត្យស្ថានភាព និងវាយតម្លៃសំរាប់ការសាងសង់អគារសិក្សាក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញដូនពេញ ។ គួរបញ្ជាក់ដែរថា សាលាបឋមសិក្សា ភ្នំដូនពេញមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានផ្ទៃដី ១៦,៦៧៣ម៉ែត្រការ៉េ សាងសង់នៅក្នុង ចន្លោះឆ្នាំ១៩៤២-១៩៥០ បច្ចុប្បន្នមានសិស្សកំពុង សិក្សារៀនសូត្រ ចំនួន ១.១០០នាក់ គ្រូចំនួន ៧២នាក់ (ស្រី ៥៩នាក់ ប្រុស១៣នាក់) មានបន្ទប់ទាំង អស់ចំនួន ៣៦បន្ទប់ ក្នុងនោះមានបន្ទប់សិក្សាចំនួន ៣២បន្ទប់ បន្ទប់ប្រជុំ បណ្ណាល័យ រោងជាង និងបន្ទប់ដេរប៉ាក់ ។ យោងតាមការវាយតម្លៃរបស់មន្ទីររៀបចំដែនដីនគរូនីយកម្ម សំណង់ និង សុរិយោដី សំណង់អគារមានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រើប្រាស់បានត្រឹមចន្លោះ ៣០%-៥០% ប៉ុណ្ណោះ។
ទន្ទឹមនេះ បន្ទាប់ពីស្តាប់របាយការណ៍របស់នាយកសាលារួចមក ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ស្ថានទូត នឹងបញ្ជូនក្រុមវិស្វករវៀតណាម ចុះមកសិក្សានិងរៀបចំគម្រូប្លង់អគារ ព្រមទាំងជ្រើសរើស ក្រុមហ៊ុន ដើម្បីម៉ៅការសាង សង់ ដោយគ្រោងនឹងបើកការដ្ឋានក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដោយសាររាជធានីភ្នំពេញ និង រដ្ឋធានីហាណូយជាទីក្រុងសម្ព័ន្ធភាព ឯកឧត្តមអគ្គរដ្ឋទូត សង្ឃឹមថាសាលាបឋមសិក្សាភ្នំដូនពេញ នឹងចងសម្ព័ន្ធភាព ជាមួយសាលារៀនមួយនៅរដ្ឋធានីហាណូយ ហើយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរបស់សាលានឹងមានឱកាស ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាជា រៀងរាល់មួយឆ្នាំម្តង។
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com