សារព័ត៌មានកោះត្រល់

លោក រ៉ុង ឈុន៖ កម្ពុ​ជាមាន​សិទ្ធិ​ទាមទារ​កោះត្រល់​ពី​វៀតណាម​វិញ

Monday, June 17, 20130 comments

ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី១៧ ខែមិថុនា នៅ​ទីស្នាក់ការ​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃាំ្ល​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើកឡើងថា កម្ពុជា​នៅតែមាន​សិទ្ធិ​ទាមទារ កោះត្រល់​ពី​ប្រទេស​វៀតណាម​មកវិញ ទៅ តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ​មួយ។

បើតាម​លោក រ៉ុង ឈុន ទឹកដី រួម​និង​កោះ​មួយចំនួន​នៅ​កម្ពុជា ទើបនឹង​បាត់បង់​ក្នុងអំឡុង​ឆ្នាំ១៩៨០ ទៅ​ឆ្នាំ២០១០នេះ​តែប៉ុណ្ណោះ ក្នុងនោះ​រួមទាំង​កោះត្រល់​ផងដែរ។ លោកបាន​លើកយក​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​និយាយ ដែល​កន្លង សម្តេច​បាន​និយាយថា កោះត្រល់​បាន​បាត់បង់​តាំងពី​មុន​ឆ្នាំ១៩៦០ មកហើយ មិនមែន​ពេលថ្មីៗ នេះ​ទេ។
សម្រាប់​លោក រ៉ុង ឈុន​វិញ ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន គឺ​ពុំ​ត្រឹមត្រូវ​នោះទេ គឺ​ទើប​បាត់បង់​ក្រោម​ការគ្រប់គ្រង​ពី​ប្រទេស​វៀតណាម​ក្នុង​ទសវត្សរ៍៨០នេះ​ តែប៉ុណ្ណោះ។ ក្នុងនោះដែរ លោក រ៉ុង ឈុន​បាន​លើកយក​ភស្តុតាង​មួយចំនួន ដែល​បញ្ជាក់ថា​កោះត្រល់​ពិតជា បាត់បង់​ក្នុង​ទសវត្សរ៍​ឆ្នាំ៨០។ តួយ៉ាង​ក្នុង​ឯកសារ​មេរៀន​ភូមិវិទ្យា​ថ្នាក់​ទី៧ បោះពុម្ព​ឆ្នាំ១៩៨៥ ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​កម្ពុជា​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​ប្រទេស​វៀតណាម​នោះ ប្រទេស​វៀតណាម​ផ្ទាល់​ក៏បាន​ទទួលស្គាល់​ដែន​កោះ​ត្រល់ ថា​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ដែរ តាម​ការ រៀបរាប់​ពី​សណ្ឋាន​ដី​កោះ​ក្នុង​សៀវភៅ​នោះ។
ភស្តុតាង​មួយទៀត តាមរយៈ​ទីតាំង​នៃ​កោះ​ត្រល់​រវាង​ឆ្នេរ​កម្ពុជា និង​វៀតណាម។ លោក រ៉ុង ឈុន ពន្យល់ថា ពី​កោះត្រល់​មក​ឆ្នេរសមុទ្រ​ខ្មែរ​មាន​ចំងាយ​ត្រឹម១៥គីឡូម៉ែត្រ​តែប៉ុណ្ណោះ ដោយឡែក ពី​វៀតណាម​មក​កោះត្រល់​វិញ មាន​ចំងាយ​រហូត​ទៅ៤៥គីឡូ​ម៉ែត បើតាម​ច្បាប់​អន្តរជាតិ គឺ​អទិភាព​ទៅ ប្រទេស​ណា​ដែរ​មាន​ទីតាំងនៅ​ជិត​ជាង ជា​ដែនដី​របស់ខ្លួន។
ហេតុផល​មួយទៀត​ដែល​លោក រ៉ុង ឈុន អះអាងថា​ជា​លទ្ធភាព​ដល់​កម្ពុជា​ក្នុងការ​ទាមទារ​ដែរនោះ គឺ​តាមរយៈ​កិច្ចព្រមព្រៀង​បញ្ហា​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ជាដើម។
ពាក្យសំដី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ធ្លាប់បាន​និយាយ​កន្លងមក​ថា កម្ពុជា​គ្មាន​សិទ្ធិ​ទាមទារ កោះត្រល់​ពី​វៀតណាម​វិញ​នោះ គឺជា​ការ​បំបាក់ស្មារតី​កូនចៅ​ជំនាន់​ក្រោយ ក្នុង​សិទ្ធិ​ទាមទារ​ទឹកដី​របស់ខ្លួន​ត្រឡប់មកវិញ។ នេះ​ជា​សំដី​របស់លោក រ៉ុង ឈុន។ លោក​ថា គួរណា ប្រមុខ​រដ្ឋាភិបាល​ធ្វើយ៉ាងណា​បំផុសស្មារតី​ដល់ក្មេងៗជំនាន់​ក្រោយ ក្នុងការ​ទាមទារ​សិទ្ធិ​អធិបតេយ្យភាព​របស់ខ្លួន​មកវិញ។
ប៉ុន្តែ​ផ្ទុយ​មកវិញ លោកនាយក​រដ្ឋមន្ត្រី​ពុំបាន​ធ្វើ​នោះទេ។ មូលហេតុ​ទាំងនេះ​ត្រូវបាន​លោក រ៉ុង ឈុន​ពន្យល់ថា លោកនាយក​រដ្ឋមន្ត្រី​អាច​មានរឿង​ជំពាក់ជំពិន​អ្វី និ​ប្រទេស​វៀតណាម​ផងដែរ ទើប​មិន​ហ៊ាន​ចេញមុខ​ដោះស្រាយ​ពី​បញ្ហា​មួយ​នេះ។
លោក រ៉ុង ឈុន​គ្រោង​នឹងដាក់​លិខិត​មួយច្បាប់ និយាយ​ពី​បញ្ហា​ខាងលើនេះ​ទៅ នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ពាក្យ​ថា​កម្ពុជា​មិនអាច​យក​ទឹកដី រួម​និង​កោះ​ខ្មែរ ដែល​បាន​បាត់បង់​ទៅ​ប្រទេសជិតខាង​មកវិញ តែ​ហេតុផល​ជាក់ស្តែង កម្ពុ​ជាមាន​សិទ្ធិ គ្រប់គ្រាន់៕






Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com