សារព័ត៌មានកោះត្រល់

ប្រវត្តិប្រេងកូឡា

Thursday, June 13, 20130 comments


មនុស្សពួកកូឡា គឺជាជាតិសាសន៍មួយដែលរស់នៅក្នុងរដ្ឋសហពន្ធ័ភូមា។ តាមប្រវត្តិពង្សាវតាបានអធិប្បាយថា ពួកកូឡានេះបានចាប់ផ្តើម មករស់នៅកជាភូមិក្នុងតំបន់ប៉ៃលិនតាំងពីគ.ស ១៨៧៦ ។ ពួកនេះ មករស់នៅក្នុងបំណងជីករកត្បូង ដែលមាននៅក្នុងដីត្រង់ជ្រលងភ្នំនៃភូមិភាគនេះ។ ពិតមែនតែដីត្រង់នេះជាដីខ្មែរ តែកាលណោះថិតក្នុងអំណាចគ្រប់គ្រងរបស់សៀម នៅឡើយ។ នៅក្នុងគ.ស ១៩០៤ ទើបសៀមប្រគល់ដីខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែងមកអោយខ្មែរ ដែលកាលណោះតំបន់ប៉ៃលិន ថិតនៅក្នុងខេត្តបាត់ដំបង ហើយក៏ត្រូវរាជាការបារាំងសែសកំពុងត្រួតត្រា ប្រទេសខ្មែរនោះ គេនៅកាន់កាប់ដោយតាំងប្រតិភូ ប្រចាំខេត្តបាត់ដំបង។
ក្រោយមកពួកកូឡានេះ បានមករស់នៅក្រុងភ្នំពេញខ្លះ ច្រើននៅម្តុំផ្សារចាស់ ផ្សារកណ្តាល ផ្សារធំថ្មី។ មុខរបរបស់គេភាគច្រើន ប្រកបរបរលក់ត្បូងនិងច្នៃត្បូង។ គេក៏សង្កេតឃើញពូកស្ត្រីប្រកបរបរលក់បង្អែមដែរ ដែលខ្មែរយើងនិយមហៅថាបង្អែមសៀម គឺមាន ចាហួយ បាយដំណើប គ្រាប់ខ្នុរ វល្លិមាស(វ៉យ) យិប …។ ម្យ៉ាងទៀតក្នុងចំណោមពួកកូឡាទាំងអស់នោះ មានគ្រួសារមួយបានរកស៊ី ធ្វើក្រមួន សំរាប់លាបក្នុងពេលឈឺក្បាល វិលមុខ ខ្យល់ចាប់ …។ ដែលផ្តើមលក់ក្នុងអំលុងចុងទស្សវត្យឆ្នាំ ១៩៤០(១៩៤៧ ឬ ៤៨?)។ ផ្លាកសញ្ញា គឺរូបថតមនុស្សត្រឹមដើមទ្រូង ថិតក្នុងរង្វង់រាងពងក្រពើ ដោយសរសេរថា "ប្រេងកូឡាម្រ័ក្ស" បិតលើដបរាងស៊ីឡាំង ធ្វើពី កែវពណ៎ស្លឹកចេកខ្ចី ដែលមានទំហំធុនធំ កណ្តាល និង តូច។ ធុនធំមានទំហំអង្កត់ផ្ចិតប្រហែល 3,50cm និង កំពស់រួមទាំសំបកផង ប្រហែល 5,50cm ។ ចំណែកធុនកណ្តាលមានទំហំតូចជាងពាក់កណ្តាលធុនធំ។ ចំណែកធុនតូចមានទំហំប្រហែលធំជាងមេដៃមនុស្ស ចាស់បន្តិច …? ។ ចំណែកឪសថដែលដាក់ក្នុងដបនោះមានភាពជាក្រមួន ពណ៎ស្លឹកចេកចាស់ ព្រោះប្រើសំបកក្រូចសើចច្រើនក្នុងការ ផលិត។ នេះជាសំដីរបស់អ្នកបំរើការក្នុងផ្ទះនោះបានផ្តល់ពត៎មាន។ តែគេមិនអាចបញ្ជាក់ថាមានប្រើរូបមន្តអ្វីផ្សេងទៀតដែរ។ ចំណេកអ្នកជិតខាងក៏បាននិយាយថា ផ្ទះនេះបានប្រមូលទិញផ្លែក្រូចសើចជាច្រើន ក្នុងការផលិតមួយលើកៗ។ ផ្ទះលក់ប្រេងកូឡាម្រ័ក្សូនេះ ថិតនៅខាងត្បូងផ្សារធំថ្មីឆៀងខាងកើត។ ចាប់ពីថ្ងៃនោះមក ប្រជារាស្ត្រនិយមហៅត្រឹមតែឈ្មោះថា "ប្រេងកូឡា" ប៉ុណ្ណោះរហូតដល់បច្ចុប្បន្ន ចំពោះឪសថណាដែលផលិតជាក្រមួនសំរាប់ប្រកបនិងជំងឺឈឺក្បាលវិលមុខ ខ្យល់ចាប់ …។ ប្រសិនបើចង់ថាម៉ាកណាមួយ គេត្រូវនិយាយថា "ប្រេងកូឡាម៉ាកខ្លា ឬ ស្វា …" តាមរូបសញ្ញាបិតនៅលើដបឬប្រអប់។ ចំណែកឪសថ សំរាប់ប្រើប្រកបនឹងជំងឺនេះដែរ តែផលិតជាវត្ថុរាវ ខ្មែរនិយមហៅថា "ប្រេងខ្យល់" ហើយបើចង់បញ្ជាក់ក៏ហៅតាមឈ្មោះឬរូបភាព ដែលមានបិទពីលើដែរ។

មុននឹងមានការប្រើប្រេងកូឡាម្រ័ក្សូនេះ ប្រជារាស្ត្រខ្មែរភាគតិចបានប្រើប្រេងខ្យល់ដែលផលិតនៅប្រេទេសប៉ែកខាងអឺរ៉ុប ពិសេសប្រទេសបារាំង ដែលមានដាក់លក់នៅឪសថស្ថាននានា។ ចំណែកប្រជារាស្ត្រផ្សេងទៀត បានប្រើឪសថតាមបែបបូរាណខ្មែរ ឬ ប្រើប្រេងដែលគេចំរាញ់ពីមើមក្រវ៉ាញ គេហៅថា "ប្រេងក្រវ៉ាញ" ។ ក្រោយដែលប្រេងម្រ័ក្សូនេះបានផ្សព្វផ្សាយល់ពេញទាំងផ្ទៃប្រទេស ទើបមានក្រមួនប្រេងខ្យល់របស់ប្រទេសផ្សេងទៀតបាននាំចូលមកលក់ប្រហែលក្នុងអំឡុងឆ្នាំ ១៩៦០ គឺច្រើននាំចូលពីប្រទេសសៀម ឬ យួន។ ប៉ុន្តែគេនៅតែនិយមហៅថាប្រេងកូឡាដដែល ចំពោះប្រេងខ្យល់មានភាពជាក្រមួន ដោយនិយាយបន្ថែមថា ប្រេងកូឡាសៀម ប្រេងកូឡាយួន ឬ ហៅតាមរូបសញ្ញា ដូចជាហៅប្រេងកូឡារូបស្វា ប្រេងកូឡារូបផ្លែដូងជាដើម។ បច្ចុប្បន្ននេះក៏មាននាំចូលពីប្រទេស ចិនដូចជា មានឈ្មោះថាប្រេងកូឡាតាប៊ិ។

ដកស្រង់ចេញពីសៀវភៅ "ឧបនិស្ស័យខ្មែរ" របស់អ្នកស្រី កែវ ណារុំ
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com