សារព័ត៌មានកោះត្រល់

កីឡាល្បុក្កតោ

Sunday, June 16, 20130 comments


អ្នកស្រុកខ្លះហៅថាបុកកាតោ ព្រោះមានលក្ខណៈបុកបុះ។ អ្នកខ្លះទៀតហៅសំបុកកាតោ ព្រោះជាកីឡាមួយប្រភេទដែលមានភាពសម្បូរដោយការប្រមូលផ្តុំនូវក្បាច់ព្រមទៅដោយស្នៀត។

ចំពោះវចនានុក្រមសម្តេចសង្ឃ ជួន ណាត លោកពន្យល់ថា៖ ដំបងខ្លីមួយប្រភេទសំរាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពារដំបងរងដំបងវែង ឬ បុកបុះការពារខ្លួន។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោ ជាគ្រឿងការពារ គុនល្បុក្កតោ(ច្រើនមានតែក្នុងសម័យបុរាណ)។

បច្ចុប្បន្ននេះ កីឡាករល្បុក្កតោមាននៅតាមជនបទក្នុងទូទាំងប្រទេសតិចតួចណាស់។ ប៉ុន្តែគេសង្កេតឃើញមានច្រើនជាងគេ នៅខេត្រពោធិសាត់។ កីឡាករទាំងអស់នោះ បានបង្ហាញ និង បញ្ជាក់នូវភាពដូចគ្នាខ្លះៗ និង ភាពប្លែកៗគ្នាខ្លះដែរ។ សរុបសេចក្កីល្បុក្កតោនេះ ជាកីឡាមួយប្រភេទដែលមានលក្ខណៈសំយោគគ្រប់ស្នៀតនៃក្បួនកីឡារបស់ខ្មែរ ដូចជា កីឡាប្រដាល់សេរី ចំបាប់ គុន ដំបង ជាដើម។ នៅពេលប្រយុទ្ធគេអាចប្រើដៃទទេរ ឬ អាវុធ ផ្សេងៗមាន៖ ដាវ (ខ្លី វែង) លំពែង ដំបង (ខ្លី វែង ហើយ មានមួយឬពីរ) កាំបិតស្នៀត (មានមុខពីររាងដូចព្រះខ័ន តួហនុមានកាន់រាំក្នុងល្ខោនខោល និង ល្ខោនក្បាច់បុរាណ) កាំបិតផ្គាក់ ...។ ប៉ុន្តែ បើគេមិនចង់ប្រើអាវុធដើម្បីកុំអោយសំញែងក្នុងពេលធ្វើដំណើរ គេកាន់ដើមឬស្សី ពីងពង់មួយជំហរខ្លួន ដងរែក ឬ ដើមអំពៅ ដែលមានភាពរឹងមាំប្រវែងប្រហែលមួយម៉ែត្រ តែប៉ុណ្ណោះក្នុងការការពារខ្លួន។ ប្រសិនបើគ្មានអ្វីសោះ ក្បួនកីឡាល្បុក្កតោ ក៏អាចអោយកីឡាករមានស្នៀតបង្ក្រាបសត្រូវបានដែរ គឺដោយសារក្បួនទំងន់ដៃ ឬ កំឡាំងជើង។

លំហាត់ដែលត្រូវហាត់មានក្បាច់ច្រើន ដែលប្រកបទៅដោយស្នៀតលំអិតយ៉ាងច្រើនថែមទៀត។ គេត្រូវខិតខំតស៊ូឆ្លងកាត់ចំពោះការលំបាកទាំងអស់នោះ ឈានពីមួយដំណាក់ដើម្បីឡើងទៅមួយដំណាក់ទៀត ដោយមិនងាយបញ្ចប់អស់ជាស្ថាពរបានឡើយ។

លំហាត់ទាំងអស់នោះមានជាអាទិដូចតទៅ៖
  • លំហាត់ហែលទឹកអោយបានស្ទាត់ ហើយបង្កើនល្បឿន និង ចម្ងាយពីមួយថ្ងៃទៅមួយថ្ងៃទៀតជានិច្ច។
  • លំហាត់ឡើងដើមត្នោតចុះឡើងអោយបានរហ័ស ហើយច្រើនដងក្នុងមួយថ្ងៃដោយមិនប្រើបង្អោង។
  • លំហាត់ដើរទាលើដី ដែលដាក់ដុំថ្មរដិបរដុប ហើយគេចនិងដុំថ្មទាំងអស់នោះអោយបានរហ័ស។ បន្ទាប់មកត្រូវមានលីដុំថ្មធំៗ ឬ ជញ្ជួនទៅមកៗទៀតផង។
  • លំហាត់ជើង ដោយយកម្រាមចង្អុល និង ម្រាមមេជើងមក ប្រមុំអោយជាប់ស្អិតគ្នា ហើយបុកនិងដើមត្នោត ឬ ដើមដូង។ ការហាត់របៀបនេះយូរទៅអាចបុកដើមចេកធ្លុះកប់ជ្រៅ ឬ បុក បន្ទះក្តារបែកធ្លាយបាន។
  • លំហាត់ជើងម្យ៉ាងទៀត ដូចដែលយើងតែងឃើញគេហាត់តទល់ដោយកាច់ដៃគ្នានោះ ល្បុក្កតោក៏គេមានហាត់ដែរ ព្រមដោយយកជើងតទល់គ្នាទៀត។ ជើងដែលបានតទល់គ្នានេះគេបានដាក់ផ្លែស្លាត្រង់ចំហៀងកំភួនជើង។ ម្នាក់ៗប្រឹងតទល់កុំអោយដៃ និង ជើងផ្អៀងចាញ់គូប្រយុទ្ធនោះ បានបណ្តាលអោយកន្លែងដាក់ផ្លែស្លានោះ មានស្នាមក្រិនរហូតជាងសាមសិបឆ្នាំហើយនៅមិនទាន់រលុបទៀត។
  • លំហាត់អង្គុយជំហម ត្រូវផ្លាស់ប្តូរជើងម្តងឆ្វេងទៅមុខ ម្តងស្តាំទៅមុខ ឬ ទៅចំហៀងឆ្វេងស្តាំ តាមបញ្ជាគ្រូស្រែកអោយប្តូរ ដោយប្រើពាក្យថាៈ ៉ចាក់! ងើប! ៗ ៉ ពីយឺតទៅលឿនអោយទាន់ចង្វាក់។ 


លំហាត់ប្រើខ្លួនប្រាណ ដៃជើង ភ្នែក មានច្រើនបែបទៀត។ គេអាចប្រើប្រអប់ដៃសំរាប់កាច់បំបាក់ ឬ ខោកបំបែកតាមក្បួនបានតាមបំណងប្រាថ្នា គឺអាចអោយត្រឹមសន្លប់ ឬ ឆ្កួតលីលា ឬ រហូតដល់បាត់បង់ជីវិតបាន។

ចំពោះលំហាត់កាន់អាវុធមានជាអាទិដូចតទៅ៖
ជាបឋមត្រូវហាត់កាន់ដំបងប្រវែងមួយព្យាមដំរី នៃមនុស្សដែលត្រូវហាត់ដោយដៃទាំងពីរក្តាប់កាន់ត្រង់ចំនុចជិតចុងដំបងរត់បណ្តើរដំបង ឬ ដើរតាមក្បាច់។ បន្ទាប់មកកាន់ផ្នែកកណ្តាលហាត់បង្វិលនិងគ្រវី។ ក្បាច់ជាបន្តកាន់ចុងដំបងវាយរងមុខ រងក្រោយ រងចំហៀង ឆ្វេងស្តាំ ...។

ក្បាច់ដំបងនេះ គេចាប់កាត់ម្តងមួយគក់ៗនៃអ្នកហាត់ដើម្បី ឈានឡើងមួយដំណាក់ៗជាបន្តបន្ទាប់ រហូតនៅសល់ប្រវែងពីរគក់ ដែលមានប្រវែងស្មើដាវខ្លី ឬ កាំបិតផ្គាក់។ នៅដំណាក់កាលចុងក្រោយនៃការកាន់អាវុធនេះ គេត្រូវកាត់ដំបងមួយគក់ទៀត ដែលមានប្រវែងស្មើពូថៅ និង កាំបិតស្នៀត។ពូថៅជាអាវុធនេះ គេកាន់ចំកណ្តាលដង ឬ កៀកផ្លែពូថៅដើម្បីងាយស្រួលកាប់ ឬ ការពារការវាយតបរបស់សត្រូវ។ ឯកាំបិតស្នៀត គេកាន់មកកៀកផ្លែ ដើម្បីទុកដងការពារស្មងដៃ។ ជួនគេកាន់ក្តាប់ដង ដោយសំយុងមុខចុះមកអបផ្ទាប់នឹងកំភួនដៃ មានលំនាំដូចហនុមាន កាន់រាំក្នុងសម័យឥលូវនេះ ដើម្បីងាយស្រួលចាក់ ហើយលើកដៃបង្អូសឆូតសាច់សត្រូវ។



ក្នុងអាវុធមួយៗ គេហាត់តាមគ្រប់ក្បួនទៅមុខហៅថាទ្វារមួយ។ ទៅមុខហើយទៅក្រោយហៅថាទ្វាពីរ បន្ទាប់មកបន្ថែមទៅឆ្វេងទៅស្តាំហៅថា ទ្វារបួន។ នៅពេលអាចហក់ចេញទៅគ្រប់ទិសទាំង៨ ហៅថាទ្វារ៨។ ឯក្បាច់ល្អិត មានស្នៀតអាចសៀតគ្រប់ចន្លោះហើយអាចថែមទៅលើមកក្រោមបានទៀត ហៅថាទ្វារ១២។ ក្នុងទ្វានិមួយៗនេះ គេជីរណ្តៅហក់លោតអោយផុតទៀត ដូចជាទ្វារមួយមានរណ្តៅខាងមុខមួយ ទ្វារពីរបន្ថែមមួយពីក្រោយទៀត ដរាបដល់មានរណ្តៅគ្រប់ទិសទី ដែលគេហក់លោតផុតជុំវិញខ្លួនគេបាន។

លំហាត់ស្តាប់សូរ សិស្សស្ទាត់ជំនាញ គេអាចស្តាប់បានដោយច្បាស់លាស់ណាស់ ទោះបីសម្រិបជើង ឬ ស្នូរស្លឹកឈើបក់ក៏ដោយ។ លំហាត់សូរដំបូង គេអោយដេកក្រោមក្អមភ្ជួរដាក់ទឹក ដោយមានចោះរន្ធសំរក់ទឹកអោយចាប់ ដោយកុំអោយទឹកធ្លាក់លើមុខបាន និងប្រើភ្នែកសំលឹកកុំអោយព្រិច។ នៅពេលស្ទាត់ហើយ គេលែងអោយមើលដោយអោយរៀនស្តាប់សូរចាប់វិញ។ បន្ទាប់ទៀត គេព្យួរក្អម ដោយបង្កើនចំនួនពីតិចទៅច្រើន ហើយចោះរន្ធមានតូចមានធំអោយប្រឹងស្តាប់សូររួចស្ទុះចាប់ដំនក់ទឹកចុះដល់ដី...។ លំហាត់ស្តាប់សូរនេះមានប្លែកៗទៀត ដូចជាគ្រូលួចគប់ដុំដី ឬ របស់ផ្សេងៗ ហើយអោយយើងចាប់អោយបាន។


ក្នុងពេលកំពុងហាត់រៀន គ្រូបានផ្សំថ្នាំអោយអង្គុយត្រាំក្នុងពាងមានរយៈពេលពី ១ម៉ោង រហូតដល់ ៨ម៉ោង តាមដែលអាចស៊ូទ្រាំបាន ដោយបង្កើនពេលជាបណ្តើរៗ។ ជាមួយគ្នានោះគ្រូក៏បានផ្សំថ្នាំសំរាប់អោយផឹកដែរ គឺដើម្បីអោយសាច់គង់។ នៅពេលប្រមើលមើលយល់ឃើញថា អាចកាប់បានហើយគេសាកកាប់។ ប្រសិនបើនៅតែដាច់មុខនោះ គ្រូមានថ្នាំព្យាបាលរបួស និង ផ្សំថ្នាំអោយផឹកបន្តទៀត។ គេផឹកជារៀងរហូតលុះត្រាតែសាច់គង់កាប់មិនមុត។ ស្នៀតដ៏ច្រើនបានបង្កើតហើយនោះ តែងត្រាប់តាមការប៉ិនប្រសប់នៃសត្វខ្លះ ហើយដាក់ឈ្មោះតាមនោះ ដូចជា៖ ស្នៀតក្រពើហា ស្វាផ្លោះ ស្វាហក់ ខ្លាក្រាប ពស់បើកវែក ក្រញ៉ាំគ្រុឌ ឥន្ទ្រីសំកាំង កុកចាំចឹកត្រី ខ្លែងឆាប នាគលេងទឹក នាគពាំកែវ ព្រហ្មមុខបួន ហនុមានថ្វាយបង្គំគ្រូ ...។ល។

ការប្រកួតច្រើនប្រព្រឹត្តនៅលើធ្លាខ្សាច់ ឬ លើវាលស្មៅ។ គេមិនប្រើប្រដាប់ការពារលិង្គទេ ព្រោះកីឡានេះជាសំបុកស្នៀតមានភាពជិតល្អណាស់។ ពេលប្រកួតយើងច្រើនសង្កេតឃើញថាគេប្រើកាយវិការទាបៗ តែបើសភាពការផ្តល់អោយ គេហក់លើកជើង វាត់បានរហូតក្បាលគូប្រយុទ្ធទៀត។ ក្នុងឪកាសប្រយុទ្ធនេះ មានភ្លេងលេងកំដរបទផ្លែង។

ចំពោះសំលៀកបំពាក់ នារីពាក់អាវសន្ទះរលុង ស្លៀកខោត្រឹមក្បាលជង្គង់ ក្រវាត់ក្រមានៅចង្កេះអោយតឹង ដើម្បីរវាស។ សក់កាត់ខ្លី ឬ ក្របួចចង់អោយខ្លី ហើយចងក្រណាត់ជាតីពណ៌ក្រហម ត្រង់ក្លៀក និង សន្លាក់កែងដៃ ដើម្បីអោយហាប់ និង រវាសដែរ។ ឯបុរសវិញក៏រៀបចំដូចគ្នាដែរតែគេអាចមិនពាក់អាវបាន ហើយស្លៀកខោខ្លី និង កាត់សក់យ៉ាងខ្លីជាទីបំផុត។ នៅពេលប្រយុទ្ធពីភូមិមួយ ទៅ ភូមិមួយ គេអាចប្រើក្រណាត់ពណ៌ផ្សេងទៀតបានដែរ មានពណ៌ស ខៀវ ខ្មៅ ... ដើម្បីជាការងាយស្រួលចំណាំ។

មរតកនៃក្បួនកីឡាល្បុក្កតោមានច្រើនណាស់ តែមិនសូវមានកីឡាករណាហាត់បានចប់សព្វគ្រប់ទេ ព្រោះដោយសារសង្គ្រាមដែលចេះតែរំខានដំណើរការ។ ម្យ៉ាងទៀតការហាត់រៀនចេះហើយនោះ មិនអាចចេញផលជាមុខរបរចិញ្ចឹមជីវិតបានទេ គឺគេហាត់សំរាប់តែការពារខ្លួន ឬ ភូមិស្រុករបស់គេតែប៉ុណ្ណោះ។ឯពេលវេលា ត្រូវគេពលី និង ឆ្លៀត ដោយចិញ្ចឹមចិត្តក្នុងការតស៊ូភាពលំបាកជានិច្ចទៀត។ គេច្រើនជួបជុំគ្នាហាត់បាន តែនៅវេលារាត្រីនៃខែភ្លឺប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាបច្ចុប្បន្ននេះ កីឡាករល្បុក្កតោមិនសូវចេះក្បួនខ្នាតច្រើនដូចៗគ្នាទេ។ នៅភូមិខ្លះ ចេះស្នៀតនេះ ខ្លះចេះស្នៀតនោះ ដែលបានបន្សល់តពីជំនាន់មួយមកជំនាន់មួយ ហើយគេតែងហៅកីឡាល្បុក្កតោដូចគ្នា។

(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្ត្រីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com