សារព័ត៌មានកោះត្រល់

តើ​អ្នក​គួរ​ធ្វើ​ផែនការ​រៀន​នៅ​មហាវិទ្យាល័យ 4 ឆ្នាំ​យ៉ាងណា ដើម្បី​ទទួល​បាន​អនាគត​ជោគជ័យ?

Wednesday, June 26, 20130 comments

ចូរ​អ្នក​ចាប់ផ្ដើម​ធ្វើ​ផែនការ​ពី​ថ្ងៃនេះ ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​អ្នក!


ប្រសិន​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​នៅ​ពេល​អនាគត​នោះ អ្នក​ត្រូវ​ធ្វើ​កាលវិភាគ​ផ្ទាល់ខ្លួន សម្រាប់​ឆ្នាំ​នីមួយៗ ដែល​អ្នក​គួរ​ប្រតិបត្តិ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ដូច​បំណង​នា​ពេល​ អនាគត។ ខ្ញុំ​មាន​វិធី​មួយ​ចំនួន​សម្រាប់​អ្នក​ទាំងអស់​គ្នា​យក​ទៅ​ធ្វើការ​គិត​ ពិចារណា និង​ប្រតិបត្តិ​ដូច​ខាងក្រោម​នេះ ៖
៙ ប្រសិន​អ្នក​​ជា​និស្សិត​ឆ្នាំ​ទី 1
» ត្រូវ​រៀបចំ​កាលវិភាគ​រៀន​ឲ្យបាន​ល្អ ត្រួតពិនិត្យ​មុខវិជ្ជា​ដែល​អ្នក​ត្រូវ​រៀន ថា​មាន​អ្វី​ខ្លះ​ ហើយ ត្រូវ​ចាប់ផ្ដើម​គិត​ពី​ពេលនេះ​ទៅ​ថា មុខ​វិជ្ជា​ណា​ខ្លះ​ដែល​នឹង​នាំ​អ្នក​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​អ្នក បាន​កំណត់ទុក​។
» អ្នក​មិន​គួរ​គេចវេះ ការ​ចូលរួម​ការងារ​សង្គម ឬ​ការងារ​របស់​មហាវិទ្យាល័យ​ដែល​បាន​បង្កើត​ឡើង​​ក្រៅពី​ម៉ោង​រៀន ដូចជា​ការ​ប្រកួត​កីឡា​ប្រចាំ​មហាវិទ្យាល័យ ការ​ចូលរួម​បោះជំរំ ការ​ចូលរួម​ការ​សំអាត​បរិស្ថាន​ទីប្រជុំជន​។ល។ ទាំងអស់​នេះ​វា​បង្កើត​ឲ្យ​អ្នក​មាន​បទពិសោធន៍ ក្នុង​ការ​ធ្វើការ​ជា​ក្រុម ដឹង​ពី​បរិយាកាស​ក្រៅ​មហា​វិទ្យាល័យ បង្កើត​ទំនាក់ទំនង​ល្អ ឬ​ភាព​រីករាយ​ផ្សេងៗ​ទៀត ដែល​យើង​នឹង​បាន​ជួប​វា​នា​ពេល​ខាងមុខ។
» ប្រសិន​អ្នក​ជា​សិស្ស​រៀន​ពូកែ​គួរ​ស្វះស្វែង​រក​អាហារូបករណ៍ ​ទាំង​មហាវិទ្យាល័យ​ឯក​ជន​ និង​មហាវិទ្យាល័យ​រដ្ឋ ឬ​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស។
៙ ប្រសិន​អ្នក​ជា​និស្សិត​ឆ្នាំ​ទី 2 ៖
» អ្នក​ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​រៀមច្បង ក្រោយពី​អ្នក​បាន​រៀន​មូលដ្ឋានគ្រឹះ​នៅ​ឆ្នាំ​ទី 1 ហើយ ព្រោះ​ពេលនេះ​ចាប់ផ្ដើម​រៀន​មុខវិជ្ជា ដែល​ជា​ជំនាញ​របស់​អ្នក​ហើយ​។ ដូច្នេះ​សុំ​ការណែនាំ​ពី​រៀមច្បង​ដែល​មាន​បទពិសោធន៍​ជាការល្អ ដូចជា​គាត់​ធ្លាប់​រៀន​មុខវិជ្ជា​អ្វីខ្លះ ហើយ​មុខវិជ្ជា​ណា​ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាពិសេស​ជាដើម។
» ត្រូវ​ធ្វើ​ការ​រៀន​បន្ថែម​ទៀត ក្រោយ​ពី​អ្នក​បាន​សម្របសម្រួល​ខ្លួន​អ្នក​បាន​ជាមួយ​នឹង​របៀប​សិក្សា​ថ្មី នៅ​មហាវិទ្យាល័យ និង​យកចិត្តទុកដាក់​រៀន​ឲ្យ​កាន់​តែ​ច្បាស់លាស់​ឡើង​ថែម​ទៀត។ ហើយ​វា​ក៏​ជា​ឱកាស​សមរម្យ​សម្រាប់​រៀន​ភាសា​បន្ថែម ដូចជា អង់គ្លេស ចិន ឬ​ភាសា​ផ្សេងៗ ដែល​អ្នក​ចូលចិត្ត ឬ​វ​គ្គ​សិក្សា​ខ្លី នៅ​តាម​បណ្តារ​អង្គការ ឬ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្សេង​ៗ​។ល។
» ដើរ​កម្សាន្ត​ខ្លះ​សម្រាប់​ពេល​ឈប់​វិស្សមកាល​របស់​អ្នក កុំ​បណ្ដោយ​ពេលវេលា​ឲ្យ​កន្លង​ហួស​ទៅ​ដោយ​​ឥតប្រយោជន៍ អាច​ទៅ​ចូលរួម​បោះជំរំ​ជាមួយ​រៀមច្បង ឬ​រួម​ជាមួយ​មិត្តភ័ក្ដិ​ធ្វើ​ការងារ​ជា​ប្រយោជន៍​ដល់​សង្គម។ ព្រោះ​ថា​បើ​សិន​ជា​ដល់​ពេល​ចូល​ធ្វើ​ការ​ហើយ​នោះ អ្នក​នឹង​បាន​ដឹង​ថា​ការ​រក​ពេលវេលា​ទំនេរ​សម្រាប់​ផ្ទាល់ខ្លួន​ទាំងអស់​ នេះ​នោះ​គឺ​វា​ពិបាក​ណាស់។
៙ ប្រសិន​អ្នក​ជា​និស្សិត​ឆ្នាំ​ទី 3
» ចូរ​ឧស្សាហ៍​ព្យាយាម​ជួប​ជាមួយ​សាស្ត្រាចារ្យ​បង្រៀន ដើម្បី​ប្រឹក្សា​ពី​ការសិក្សា​របស់​អ្នក ឬ​ឲ្យ​គាត់​​ជួយ​ផ្ដល់​យោបល់​អំពី​ការ​ស្វែងរក​កន្លែង​ធ្វើការ ឬក៏​សិក្សា​បន្ត។ នេះ​ជា​ឱកាស​ល្អ​ដែល​គាត់​បាន​ស្គាល់​អ្នក នូវ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​ធ្វើការ ឬ​រៀន​បន្ត អ្នក​ត្រូវ​ការ ការ​ធានា​​ពី​គាត់ ដូច្នេះ​គាត់​អាច​ជួយ​ដាក់​ឈ្មោះ​ធានា​ឲ្យ​អ្នក​បាន។
» ការ​ហ្វឹកហាត់​ការងារ គឺ​ដើម្បី​ឲ្យ​អ្នក​បាន​ជួប​ប្រទះ​ជីវិត​នៃ​ការ​ធ្វើការ​ពិតៗ​ដែល​មាន និង​សម្រាប់​អ្នក​អាច​ប្រមូល​យក​បទពិសោធន៍ ហើយ​ក៏​ដើម្បី​ឆ្លើយ​នឹង​សំនួរ​របស់​ខ្លួនឯង​ផង​ដែរ​ថា ការងារ​ដែល​អ្នក​ស្រមៃ​ចង់​ធ្វើ​ពិតប្រាកដ​នោះ វា​ស័ក្ដិសម​ជាមួយ​អ្នក​ដែរ​ឬ​ទេ?។ ប្រសិន​ចម្លើយ​ថា​​មិន​សម​នោះ ពេល​ហាត់​ការ​លើក​ក្រោយ​ត្រូវ​ផ្លាស់ប្តូរ​រក​ការងារ​ណា​ដែល​ប្រហែល​គ្នា នឹង​អ្វី​ដែល​ជា​គោលដៅ​របស់​អ្នក។
» ត្រូវ​ប្រមូល វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​​ពី​កន្លែង​ផ្សេង​ឲ្យ​បាន​ច្រើន ទាំង​ផ្នែក​ភាសា កុំព្យូទ័រ ​វគ្គ​ជំនាញ​ខ្លី ឬ​ក៏​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​។ ពីព្រោះ​ការ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​​និង បញ្ជាក់​សមត្ថភាព បទពិសោធន៍​ការងារ​ច្រើន​កាលណា ឱកាស​នៃ​ការ​បាន​ការងារ​ធ្វើ​ក៏​មាន​ច្រើន​ដូច្នោះ​ដែរ។
៙ ប្រសិន​អ្នក​ជា​និស្សិត​ឆ្នាំ​ទី 1
» យកចិត្តទុកដាក់​រៀន​មុខវិជ្ជា​ដែល​នៅសល់​ទាំងប៉ុន្មាន​ឲ្យ​អស់ ហើយ​ព្យាយាម​ផ្ដោត​អារម្មណ៍​ទៅលើ​មុខវិជ្ជា​ដែល​ជា​ជំនាញ។
» ចូរ​ធ្វើការ​សម្រេចចិត្ត​នៅ​ពេលនេះ​ឲ្យ​បាន ថា​ដំណើរ​ជីវិត​ទៅ​ថ្ងៃ​អនាគត​របស់​អ្នក​ត្រូវ​ដើរ​ ផ្លូវ​ណា នឹង​ត្រូវ​រៀន​បន្ត​ឬ ក៏​ធ្វើការ បើ​រៀន​បន្ត​តើ​បាន​ថវិកា​ឧបត្ថម្ភ​មក​ពី​ប្រភព​ណា ប្រសិន​មាន​ថវិកា​ហើយ ចូរ​ធ្វើការ​ប្រឹក្សា​ជាមួយ​ អ្នកមាន​ជំនាញ​ឬ​រៀមច្បង អំពី​គោលដៅ​នៃ​ការសិក្សា​បន្ត។
» ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ ហើយ​ប្រសិន​ជា​ចង់​រៀន​ឲ្យ​ចប់​ភ្លាម​មាន​ការងារ​ធ្វើ​ភ្លាម អ្នក​គួរ​ចាប់ផ្ដើម​ដាក់​ពាក្យ​សុំ​ធ្វើការ​ចាប់ពី​ពេលនេះ​តទៅ។ អ្នក​ត្រូវ​ត្រៀម​ឯកសារ​ផ្សេងៗ ដែល​អ្នក​ត្រូវ​សុំ​បញ្ជាក់​ពី​មហាវិទ្យាល័យ ដូចជា តារាងពិន្ទុ លិខិត​បញ្ជាក់​ការសិក្សា​ឆ្នាំ​បញ្ចប់​ និង​វិញ្ញាបនបត្រ​បញ្ជាក់​ផ្សេង​ជាដើម។
៙ ការ​ស្វែងរក​ចំណេះដឹង​បង្គ្រប់​មុន​ពេល​រៀនចប់
» ចូរ​ប្រើប្រាស់​បណ្ណាល័យ ​របស់​មហាវិទ្យាល័យ​ឲ្យ​បាន​ជា​ប្រយោជន៍​ចំពោះ​ខ្លួន ព្រោះ​បើសិនជា​អ្នក​រៀន​ចប់​ហើយ អ្នក​នឹង​មិន​អាច​រក​សៀវភៅអាន​ដោយ​ឥតគិតថ្លៃ​បាន​ដូច​នៅ​ទីនេះ​ទៀត​ទេ។
» បើ​ជាការល្អ អ្នក​គួរ​ហាត់​លេង​ឧបករណ៍​តន្ត្រី​ឲ្យ​បាន​មួយ​យ៉ាង​តិច ដើម្បី​ប្រើ​វា​ជា​ប្រយោជន៍​នៅ​ថ្ងៃ​ខាង​មុខ ដូចជា​ឲ្យ​មិត្តភ័ក្ដិ​បង្រៀន ឬ​រៀន​តាម​សមាគម​ជាដើម។
» ព្យាយាម​ស្វែងរក​ចំណូល​ពី​សមត្ថភាព​របស់​អ្នក​ដែល​មានស្រាប់ ដូចជា ធ្វើ​របស់របរ​លក់ ទទួល​វាយ​អត្ថបទ បកប្រែ​ឯកសារ ឬ​រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ ពីព្រោះ​ក្រៅ​អំពី​យើង​ទទួល​បាន​ចំណូល​បន្ទាប់បន្សំ​ហើយ​នោះ អ្នក​ក៏​អាច​ប្រមូល​យក​បទពិសោធន៍​ពី​ការងារ​ទាំង​នោះ​ផង​ដែរ។
» ប្រសិនជា​អាច​ទៅ​រួច​អ្នក​គួរ​រៀន​បើកបរ​ឲ្យ​ហើយ​នៅ​ក្នុង​កំឡុង​ពេល​នេះ ព្រោះ​ថា​ការងារ​ខ្លះ​ ត្រូវ​ការ​អ្នក​ចេះ​បើកបរ។
» សាកល្បង​ធ្វើការ​ជា​ភ្នាក់ងារ​លក់ ឬ​ជា​អ្នក​បម្រើ​តាម​អាហារដ្ឋាន​ឲ្យ​បាន​យ៉ាង​តិច​មួយ​ដង ដើម្បី​ហ្វឹកហាត់​ភាព​ទន់ភ្លន់ ភាព​អត់ធ្មត់​របស់​អ្នក។ វា​ធ្វើ​ឲ្យ​អ្នក​ចេះ​សម្រប​ខ្លួន​តាម​ស្ថានការណ៍ ហើយ​វា​ក៏​អាច​ជំរុញ​បន្ថែម​អ្នក​ឲ្យ​យល់ដឹង​បាន​ពី​ភាព​ជា​អ្នកដឹកនាំ ការងារ​ទាំងអស់​នេះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ជីវិត​ការងារ​របស់​អ្នក​ក្នុង​ថ្ងៃ​អនាគត ផង​ដែរ។


មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​កម្ពុជា
និពន្ធ​ដោយ : ម៉ាន់ ច័ន្ទឌី
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com