សារព័ត៌មានកោះត្រល់

រូប​បដិមា​បនទ​វៈ២អង្គ មកដល់​កម្ពុជា​វិញ​ក្រោយ​ឃ្លាត​ចេញ​តាំងពី​អំឡុង​ឆ្នាំ១៩៧០

Tuesday, June 11, 20130 comments



រូ​បដិមា បនទ​វៈ២អង្គ​ដែល​ទំនង​មាន​ឈ្មោះថា សហ​ទេព និង ន​កុល ត្រូវ​បានបញ្ជូនមកដល់​​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី១១ ខែមិថុនា នេះ ក្រោម​កិច្ចសហការ​ពី​សារមន្ទីរ Metropolitan នៅ​ទីក្រុង​ញូវយ៉ក និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ផ្ទាល់។


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រូប​បដិមា​ដែល​តម្លៃ​ដ៏​មហាសាល​ទាំងពីរ​អង្គ​នេះ គឺ​ស្ថិត​ក្នុងចំណោម​បងប្អូន​ប្រុស៥នាក់​ក្នុង​គ្រួសារ​បនទ​វៈ ដែល​ត្រូវបាន​កសាងឡើង​ដើម្បី​រំលេច​របៀប​ជា​សិល្បៈ​នៃ​ជ័យជម្នះ​របស់​ចក្រភព ​ខ្មែរ​នៅ​សតវត្សរ៍​ទី១០របស់ខ្លួន​នៃ​រាជធានី​កោះ​កេរ្តិ៍។

រូប​បដិមា​ទាំងនោះ គឺជា​ផ្នែក​មួយ​នៃ​និមិត្តរូប​រំលេច​ឡើង​នូវ​ការប្រយុទ្ធ​គ្នា​រវាង​ភី​ម (ជា​បងប្អូន​បនទេ​វៈ​មួយអង្គ​ទៀត) និង​រូប​បដិមា ទុ​រ្យោ​ធនៈ ដែលជា​បងប្អូនជីដូន​មួយ និង​មេដឹកនាំ​គូប្រយុទ្ធ​ត្រកូល​កុ​រុ។ ការប្រយុទ្ធ​គ្នា​នេះ មាននៅ​ក្នុង​រឿងព្រេង «មហាភារតៈ» (Mahabharata) ដ៏​ល្បី​រន្ទឺ ដោយ​ការប្រយុទ្ធ​នេះ​មាន​សាក្សី៧នាក់​រាប់បញ្ចូល​ទាំង​ព្រះ​គ្រឹ​ស្នា និង​បនទ​វៈ។

រចនាបទ​ប្រាសាទកោះកេរ្តិ៍  គឺជា​រចនាបថ​ចម្លាក់​ខ្មែរ​ដ៏​ល្បីល្បាញ​បំផុត ដោយ​លក្ខណៈពិសេស​នៃ​ចលនា​នៅ​ជុំវិញ​រូបចម្លាក់ បង្ហាញ​នូវ​កាយវិការ​សម្តែង​ល្ខោន។ នៅ​ទីនោះ​ក៏មាន​រូបចម្លាក់៩អង្គ  ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កាយវិការ​ឈរ​ទ្រឹង​អស់​រយៈពេល​ជាង១០០០ ឆ្នាំ​រហូតដល់​ពេលដែល​រូប​បដិមា​ទាំងនេះ​ត្រូវបាន​គេ​វាយ​បំបែក​ចេញពី​ជើង​ ទម្រ​នៅ​ដើមឆ្នាំ ១៩៧០ ។

ពោលគឺ​នៅពេលដែល​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​សង្គ្រាម​ស៊ីវិល រូប​បដិមា​ក្នុងនោះ​មាន បនទ​វៈ សហ​ទេព និង ន​កុល ត្រូវបាន​គេ​យក​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ដាក់លក់​នៅ​ទីផ្សារ​សិល្បៈ​អន្តរជាតិ។

 នៅ​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៧០ រូប​បដិមា ៧ អង្គ ក្នុងចំណោម​រូប​បដិមា​ទាំង ៩ អង្គ​នេះ ត្រូវបាន​គេ​ដាក់​ដេញថ្លៃ ឬ​នៅក្នុង​សារមន្ទីរផ្សេងៗ និង​ជា​ទ្រព្យសម្បត្តិ​ឯកជន​ជុំវិញ​ពិភពលោក។

នៅ​ឆ្នាំ ១៩៩០ រូប​បដិមា​មួយអង្គ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជិត​កន្លែង​ដើម​របស់​វា​ក្នុង​ ប្រាសាទកោះកេរ្តិ៍​ដែល​ត្រូវបាន​គេបោះបង់​ចោល​ដោយ​គ្មានព្រះកេស និង​ត្រូវបាន​យកទៅ​កាន់​ទី​អភិរក្ស​អង្គរ​ខេត្តសៀមរាប រីឯ​ជោគវាសនា​នៃ​រូប​បដិមា​ទី៩ ដែល​គេ​ប្រមូលបាន​នោះ មិនត្រូវ​បាន​គេ​ស្គាល់​នៅឡើយ។

 សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​ឲ្យ​ដឹងផង​ដែរ រូប​បដិមា ទុ​រ្យោ​ធនៈ ឥឡូវនេះ​កំពុង​ស្ថិតនៅ​ជា​ប្រធានបទ​នៃ​ការ​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ នៅ​ទីក្រុង ញូវយ៉ក ដែល​ត្រូវបាន​ប្តឹង​ដោយ​មេធាវី​សហរដ្ឋអាមេរិក (នៅ​ស្រុក​ប៉ែក​ខាងត្បូង​ក្រុង New York ) តទល់​ជាមួយ​ក្រុមហ៊ុន Sotheby នៅ​ញូវយ៉ក ដោយ​ចោទថា វា​គឺជា​ករណី​លួច​ហើយ​កំពុងតែ​ស្វែងរក ដើម្បី​បញ្ជូន​រូប​បដិមា​ទៅកាន់​ម្ចាស់​ដែលមាន​សិទ្ធិ​ពេញលេញ គឺជា​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពី​មានការ​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពាក់ព័ន្ធ ប្រវត្តិសាស្ត្រ វប្បធម៌ និង​ផ្លូវច្បាប់ ដោយមាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក ច័ន្ទ តានី ដែលជា​រដ្ឋលេខាធិការ ជាមួយ​ភាគី សារមន្ទីរ Metropolitan នោះ  សារមន្ទីរ​របស់​សហ​រដ្ឋ​អាមេរិក​មួយ​នេះ  បានសម្រេច​ចិត្ត​ប្រគល់​មក​ឲ្យ​ប្រទេស​ដើម​វិញ​នូវ​រូប​បដិមា បនទ​វៈ ២ អង្គ ដែល​ត្រូវបាន​គេ​ផ្តល់​ទៅកាន់​សារមន្ទីរ​ចន្លោះ​ពី​ឆ្នាំ ១៩៨៧ ដល់​ឆ្នាំ ១៩៩២ ។

សម្រាប់​កម្ពុជា សេចក្តីសម្រេចចិត្ត​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ស្តង់ដា​មាន​កម្រិត​ខ្ពស់​ របស់​សារមន្ទីរ Metropolitan ហើយ​កម្ពុជា​អំពាវនាវ​ដល់​សារមន្ទីរផ្សេងៗទៀត និង​អ្នកប្រមូល​រូបចម្លាក់​ទាំងឡាយ​ដែល​កំពុង​កាន់កាប់​រូបចម្លាក់​ដែល​ នៅសល់​ទាំង​ប៉ុន្មាន​ដែល​យក​ចេញពី​ប្រាសាទ​ចិន ក៏ដូចជា​វត្ថុ​សិល្បៈ​ខ្មែរ​ដែលមាន​តម្លៃផ្សេងៗទៀត ធ្វើតាម​គំរូ​សារមន្ទីរ​នេះ ហើយនឹង​បញ្ជូន​រូប​បដិមា​ទាំង​នោះមក​ប្រទេស​កម្ពុជា​វិញ។

 សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ការទទួលបាន​មកវិញ​នូវ​រូប​បដិមា​ដ៏​មានតម្លៃ​មហិមា​ទាំងពីរ​អង្គ​នេះ បាន​ស្ថិតនៅ​ចំពេល​វេលា​ដ៏​វិសេសវិសាល ដែល​ព្រឹត្តិការណ៍​នេះ​កើតឡើង​ក្នុងអំឡុងពេល​កៀក​ទៅនឹង​ការចាប់ផ្តើម​ សម័យប្រជុំ​លើក​ទី ៣៧ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប ដោយមាន​លោក សុខ អាន ជា​ប្រធាន។

ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អះអាងថា ការប្រគល់​មកវិញ​ដោយ​ជោគជ័យ​នូវ​រូប​បដិមា បនទ​វៈ ២ អង្គ គឺជា​លទ្ធផល​បានមកពី​យុទ្ធនាការ​ជា​សាកល សំរាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌ ដែល​ដឹកនាំ​ដោយ​អង្គការ​យូណេស្កូ  និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្តារឡើងវិញ​នូវ​ព្រលឹង​វប្បធម៌​ជាតិ៕


(ប្រភព៖ ថ្មីៗ)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com