សារព័ត៌មានកោះត្រល់

កិច្ចប្រជុំ​ពេញ​អង្គ​លើក​​ទី​៣៧ ​នៃ​​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​​ពិភពលោក​ចាប់ផ្ដើម​​នៅ​ព្រឹក​​ស្អែក​

Sunday, June 16, 20130 comments

​ចាប់ពី​ថ្ងៃ​ទី​១៦​ស្អែក​នេះ​ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​សម័យប្រជុំ​ពេញអង្គ​ លើក​ទី​៣៧​នៃ​គណៈ​កម្មា​ធិការ​​បេតិកភណ្ឌ​ពិភពលោក។

ដែល​នឹង​ប្រារឰធ្វើ​ជា​ផ្លូវការ​ក្រោម​អ​ធីបតី​ភាព ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​ហ៊ុន សែន នៅ​វិមាន​សន្ដិភាព​នា​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​​តាម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់​​ទីស្តី​ការ​គណៈ​រដ្ឋ​ មន្ត្រី​។
​​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​បានឲ្យដឹង​ថា គណៈប្រតិភូ​ប្រមាណ​​១៣០០​នាក់ មកពី​ប្រទេស​ចំនួន​ជាង​១២០ ប្រទេស​ដែល​ជា​សមាជិក​អនុសញ្ញា​​ឆ្នាំ​​១៩៧២​ ស្ដី​​ពី​​ការ​ការពារ បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ​នៃ​អង្គការ​យ៉ូណេស្កូ នឹង​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​ជា​សកល​នេះ​។
ទីក្រុង​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​ប្រវត្ដិសាស្ដ្រ នៃ​ការចុះបញ្ជី​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​នានា​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក ដែល​បច្ចុប្បន្ន​នេះ មាន​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន​៩៦២​រួចជាស្រេច​។
សម័យប្រជុំ​ពេញ អង្គ​នីមួយៗ​មាន​ភារកិច្ច​៖
១-​ធ្វើ​អត្ដ​សញ្ញាណ​សម្បត្ដិ​វប្បធម៌ និង​ធម្មជាតិ​ដែល​មាន​តម្លៃ​ជា​សាកល និង​មិន​អាច​កាត់​ថ្លៃ​បាន​ ដោយ​ផ្អែក​លើ​សំណើ​របស់​រដ្ឋ​ភាគី ដើម្បី​ទទួលបាន​ការ​ការ​ពារ​ អនុលោម​តាម​អនុសញ្ញា និង​ដើម្បី​ចុះ​ក្នុង​បញ្ជីបេ​តិកភ័​ណ្ឌ​ពិភពលោក​។​
២-​ត្រួតពិនិត្យ​ស្ថានភាព​អភិរក្ស​នៃ​សម្បត្ដិ​វប្បធម៌​ដែល​បាន​ចុះបញ្ជី ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​​​ដោយ​សហការ​ជាមួយរ​ដ្ធ​ភាគី និង​សម្រេច​ថា​តើ​មាន​សម្បត្ដិ​វប្ប​ធម៌​​ណា​ ​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ដក​ចេញ​ពី​បញ្ជី​នេះ ព្រមទាំង​សម្រេច​ថា ​តើ​សម្បត្ដិ​វប្បធម៌​ណាមួយ​ដែល​ត្រូវ​លុប​​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​។​
៣-​ពិនិត្យមើល​សំណើសុំ​ជំនួយ​ហិរញ្ញវត្ថុ​អន្ដរជាតិ​ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​បេតិក​ភ័​ណ្ឌ​ពិភពលោក​។​
​គួរកត់សម្គាល់​ថា នេះ​គឺ ជា​កិច្ចប្រជុំ​ធំ​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ឆ្នាំ​២០១២​កន្លងទៅនេះ​ប្រកប​ដោយ​​​ជោគ​ជ័យ​៕

(ដោយៈឃួន សុភ័ក្រ)​
ប្រភព៖វាយោអេហ្វអ៊ឹម
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com