![]() |
| សាម៉ាឌីនិងកញ្ញា ឡាវ័ន |
ជាទូទៅ សំនួររបស់ពួកគាត់មិនជាខុសគ្នាប៉ុន្មានទេ ពេលនេះខ្ញុំនឹងសង្ខេបសំនួររបស់ពួកគាត់ឡើងវិញ ហើយ ឆ្លើយម្តងមួយៗឲ្យស្តាប់។
- តើខ្ញុំជាប់តាមអាហារូបករណ៍អ្វី?
- តើខ្ញុំរៀនអ្វីពេលនៅខ្មែរ? នៅឯណា?
- តើខ្ញុំស្គាល់អាហារូបករណ៍នោះតាមណា?
- តើខ្ញុំទៅយកពាក្យ និងដាក់ពាក្យអាហារូបករណ៍នៅឯណា? តាមរបៀបណា?
- ដើម្បីដាក់ពាក្យអាហារូបករណ៍នោះបាន តើត្រូវទាមទារឲ្យមានអ្វីខ្លះ? -ល-
តាមពិតនាងខ្ញុំក៏មិនចង់បង្ហាញសាវតាខ្លួនឯងដោយលំអិតនិងជា សាធារណៈពេកដែរ តែពេលគេសួរ បើយើងមិនឆ្លើយតាមត្រង់ គេថាយើងឆ្មើងអីណឹងណា
អូខេ, នាងខ្ញុំមុនមកកូរ៉េ រៀននៅ IFL ដេប៉ាតេម៉ង់ ភាសាកូរ៉េ។ តែក្រៅពី IFL នាងខ្ញុំក៏ជានិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) មុខជំនាញ…? ដោយហេតុថាចុចៗ ព្រោះមិនដឹងថាប្រាប់មួយណា ^^ ព្រោះកាលចូលរៀនដំបូងឆមាសទីមួយ ខ្ញុំរៀនគណនេយ្យ, តែចូលដល់ឆមាសទី២ ក៏ប្រែចិត្តទៅរៀន អាយធី វិញ។ ហើយនៅពេលយប់ ខ្ញុំរៀនជំនាញ អង់គ្លេសនៅ CMU ដែរ (រៀនសរុប៣ជំនាញក្នុងពេលតែមួយ)។ ហើយទាំង៣ជំនាញនេះ ខ្ញុំរៀនដោយសារខ្ញុំជាប់អាហារូបករណ៍១០០% ទាំងបីទេ ទើបខ្ញុំរៀន កុំច្រលំថាខ្ញុំមកពីត្រកូលអីណានោះអី
រៀនបានមួយឆ្នាំ ពេលចូលដល់ឆ្នាំទីពីរ ឆមាសទីមួយ រៀនបានពីរ ទៅបីខែក៏ជាប់អាហារូបករណ៍មកកូរ៉េហើយក៏បោះបង់ចោលសិក្សាទាំងអស់ នៅខ្មែរ វ៉ិចបង្វិចមកកូរ៉េត្រុកៗមក។
- នរណាអាចដាក់ពាក្យអាហារូបករណ៍នេះបាន?
ហើយលោកអ្នកត្រូវចេះភាសាអង់គ្លេសឬកូរ៉េ។ បើលោកអ្នកមិនចេះកូរ៉េសោះ គឺត្រូវពូកែអង់គ្លេស(មិនតម្រូវឲ្យមាន TOEFLអីទេ), បើលោកអ្នកចេះកូរ៉េគ្រាន់បើ គួបផ្សំនឹងភាសាអង់គ្លេសទៀត នោះរឹតតែល្អ។ ការដាក់ពាក្យប្រលង អាចសរសេរជាភាសាអង់គ្លេសក៏បាន កូរ៉េក៏បាន (បើអង់គ្លេស អង់គ្លេសទាំងអស់, កូរ៉េ កូរ៉េទាំងអស់)។
- តើត្រូវរៀបចំឯកសារអ្វីខ្លះ?
នៅក្នុងដឺម៉ង់គេតម្រូវឲ្យអ្នកសរសេរអត្ថបទ២ ដែលមួយសរសេរពី ការណែនាំពីខ្លួនអ្នក និងមួយទៀតគឺ Study Plan អត្ថបទទាំងពីរនេះជាអត្ថបទសំខាន់ដែលគេនឹងអានហើយសម្រេចជ្រើស រើសអ្នក ដូចនេះគួរសរសេរដោយផ្ចិតផ្ចង់ និងឲ្យគេចាប់អារម្មណ៍ពីអ្នក។ មាន២ភាសាសម្រាប់ជ្រើសរើសក្នុងការសរសេរ៖ អង់គ្លេស ឬ កូរ៉េ។
ការដាក់ពាក្យប្រលង
អាហារូបករណ៍របស់ខ្ញុំ មានឈ្មោះថា NIIED (National Institute for International Education) ឬខ្លះហៅ KGSP (Korean Government Scholarship Program) ដែលជាអាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េផ្តល់ឲ្យបណ្តាលប្រទេសលើ ពិភពលោករៀងរាល់ឆ្នាំ ឲ្យមកសិក្សានៅកូរ៉េ ដែលក្នុងនោះក៏មានកម្ពុជាដែរ។ កាលជំនាន់ខ្ញុំ គេជ្រើសរើសសិស្ស ១៥០នាក់ ទូទាំងពិភពលោក ក្នុងនោះនិស្សិតកម្ពុជា ៤ នាក់។ តែឆ្នាំក្រោយៗមក ឮថាកាត់បន្ថយត្រឹម ១០០ (ខ្មែរ៣នាក់)។
- បើអ្នកចង់ដាក់ពាក្យ សូមចូលទៅកាន់ http://www.niied.go.kr/
- ចុចប៊ូតុង English ហើយជ្រើសរើស Korean Government Scholarship Students
ជាធម្មតា អាហារូបករណ៍សម្រាប់បរិញ្ញាប័ត្រមានប្រកាសចាប់ពីខែ វិច្ឆិកា ឬធ្នូ ហើយផុតកំណត់ត្រឹមខែមករា ចេញលទ្ធផលខែកុម្ភះ ចូលរៀនខែមេសា។
រីឯថ្នាក់ឧត្តមសិក្សាវិញ ជាធម្មតាចាប់ប្រកាសរើសខែមិនា ចូលរៀនខែសីហា។
តែគេអាចដូរបានគ្រប់ពេលវេលា ដូចនេះអ្នកគួរតែឧស្សាហ៍ឆែកមើលវិបសាយដែលប្រាប់ខាងលើដោយខ្លួន ឯង។ (បញ្ជាក់៖ អាចមានវិបសាយផ្សេងទៀត តែសម្រាប់ខ្ញុំគឺប្រើវិបសាយនេះ ដូចនេះបើលោកអ្នកស្គាល់ឬប្រើប្រាស់វិបសាយផ្សេង គឺស្រេចតាមចំនូលចិត្ត)
- បើឃើញគេរើសប្រកាសជ្រើសរើសសិស្សអាហារូបករណ៍នៅក្នុងបញ្ជីនោះ ហើយ សូមចុចទៅលើការប្រកាសនោះទៅ ដើម្បីធ្វើការដោនឡូដពាក្យអាហារូបករណ៍
- ពាក្យអាហារូបករណ៍នោះគឺមានច្រើនទំព័រ ព្រោះមិនមែនមានតែសន្លឹកបំពេញពាក្យប៉ុណ្ណោះទេ គឺមានការពន្យល់ពីអាហារូបករណ៍គ្រប់ចំនុចទាំងអស់ ទាំងចំនួនសិស្សត្រូវរើស ត្រូវការអ្វីខ្លះ ទាមទារឲ្យធ្វើអ្វីខ្លះ ឲ្យប្រាក់ខែប៉ុន្មាន ក្លូដឺម៉ង់ថ្ងៃណា ចេញលទ្ធផលថ្ងៃណា ចូលរៀនថ្ងៃណា ។ល។ គឺមានទាំងអស់
- កាលខ្ញុំ គឺពុំមានស្គាល់អ្នកណាទេ គឺខ្ញុំមើលតែដឺម៉ង់នោះ ហើយរត់ការខ្លួនឯងទាំងអស់។ ដូចនេះ ខ្ញុំសង្ឃឹមថា ប្អូនៗដែលមានបំណងចង់ដាក់ពាក្យ គួរណាចំណាយពេលអានពាក្យនោះច្រើនសារនិងស្វែងយល់បន្តិច នោះនឹងយល់និងអាចធ្វើបានមិនខាន។
ការដាក់ពាក្យ មាន ២ ជម្រើស គឺ ការដាក់ពាក្យតាមរយៈ ស្ថានទូត (ស្ថានទូតកូរ៉េនៅខ្មែរ) និងតាមរយៈសាកលវិទ្យាល័យនៅកូរ៉េ។
តាមរយៈស្ថានទូត
បើលោកអ្នកចង់ដាក់ពាក្យតាមស្ថានទូត លោកអ្នកគ្រាន់តែរៀបចំឯកសារទៅតាមតម្រូវការដែលបានបញ្ជាក់ក្នុង ដឺម៉ង់ ហើយយកទៅដាក់នៅស្ថានទូតជាការស្រេច។ បន្ទាប់ពីដាក់ពាក្យនៅស្ថានទូតរួច លោកអ្នករង់ចាំតែថ្ងៃចេញលទ្ធផលតែប៉ុណ្ណោះ ដែលលទ្ធផលមានផ្សាយនៅក្នុងវិបសាយខាងលើ។
ការដាក់ពាក្យតាមស្ថានទូតនេះដែរ លោកអ្នកមានសិទ្ធិជ្រើសរើសមហាវិទ្យាល័យចំនួន៥នៅកូរ៉េ ។ បន្ទាប់មក មហាវិទ្យាល័យទាំងនោះនឹងធ្វើការសម្រេចចិត្តថាព្រមឲ្យអ្នករៀននៅ សាលាគេដែរឬទេ ដោយពិនិត្យទៅលើជីវប្រវត្តិនៃការសិក្សារបស់អ្នក។
ប៉ុន្តែថ្មីៗនេះ ឮថាខាងស្ថានទូតលែងទទួលខុសត្រូវលើការទទួលពាក្យទៀតហើយ ដូចនេះប្រហែលការដាក់ពាក្យតាមស្ថានទូតនេះពុំមាននៅកម្ពុជាទៀត ទេ (តាមខ្ញុំយល់ឃើញ)។
តាមរយៈសាកលវិទ្យាល័យផ្ទាល់នៅកូរ៉េ
នៅពេលគេប្រកាសជ្រើសរើស លោកអ្នកត្រូវរិះរកសាកលវិទ្យាល័យដែលលោកអ្នកចង់រៀននៅកូរ៉េតែ មួយគត់ បន្ទាប់មកចូលទៅកាន់វិបសាយសាលានោះស្វែងរកដឺម៉ង់អាហារូបករណ៍NIIED ឬក៏លោកអ្នកអាចផ្ញើរអ៊ីមែលទៅកាន់សាលានោះ ប្រាប់ថាលោកអ្នកចង់ដាក់ពាក្យអាហារូបករណ៍នៅសាលានោះតាមរយៈNIIED scholarship។
- រួចពេលគេឆ្លើយតបអ៊ីមែលអ្នក គេមុខនឹងប្រាប់ពីរបៀបដាក់ពាក្យ និងផ្ញើរដឺម៉ង់ឲ្យអ្នកមិនខាន។
- បន្ទាប់ពីបំពេញដឺម៉ង់និងរត់ការឯកសារដែលគេត្រូវការហើយ លោកអ្នកត្រូវផ្ញើរឯកសារដឺម៉ង់និងឯកសារទាំងនោះទៅកាន់សាលានោះ ដោយផ្ទាល់(ជា Hard copy) តាមរយៈប្រេសនីយ៍ ឬ EMS តាមការគួរ(ធ្វើម៉េចឲ្យទៅដល់សាលានោះមុនថ្ងៃកំណត់)
- ពេលផ្ញើរឯកសារហើយ គេនឹងពិនិត្យ និងផ្តល់ចម្លើយទៅអ្នកថាគេព្រមទទួលអ្នកដែរឬទេ(តាមអ៊ីមែល)។ បើគេព្រម នោះមានន័យថាលោកអ្នកជាប់តង់ទី១សិន។
- បន្ទាប់ជាប់តង់ទី១ គេនឹងផ្ញើរឯកសារអ្នកទៅ NIIED ហើយឲ្យNIIED ធ្វើការសម្រេចចិត្ត ថាតើព្រមប្រគល់ឬផ្តល់អាហារូបករណ៍ដល់អ្នកដែរឬទេ។
- បើNIIED សម្រេចជ្រើសរើសអ្នកដែរ នោះទើបមានន័យថា អ្នកបានជាប់អាហារូបករណ៍NIIEDហើយ ដែលលទ្ធផលចុងក្រោយនេះ ត្រូវរង់ចាំមើលនៅក្នុងវិបសាយ NIIED ដូចដែលបានប្រាប់ខាងលើ។
ក្រោយពីប្រកាសលទ្ធផលហើយ លោកអ្នកសល់ពេលមិនច្រើនទេ ប្រហែលមួយខែអីប៉ុណ្ណោះ។ ដែលរយៈពេលមួយខែ លោកអ្នកត្រូវរត់ការសុំវីសារ ទិញសំបុត្រយន្តហោះ(សំបុត្រយន្តហោះគេចេញលុយឲ្យ តែអ្នកត្រូវទិញនិងចេញលុយខ្លួនឯងសិន, គេនឹងឲ្យពេលទៅដល់កូរ៉េ)។
បញ្ជាក់៖
- អាហារូបករណ៍NIIEDនេះ គេតម្រូវឲ្យអ្នករៀនភាសាកូរ៉េមួយឆ្នាំសិន ទើបចូលរៀនមហាវិទ្យាល័យ ដូចនេះសរុបគឺ៥ឆ្នាំ (១ឆ្នាំរៀនភាសាកូរ៉េ ៤ឆ្នាំរៀនមុខជំនាញ)
- ករណីលោកអ្នកចេះកូរ៉េស្រាប់ ដែលមានកំរិតតាមអ្វីដែលគេតម្រូវ នោះលោកអ្នកអាចចូលរៀនមហាវិទ្យាល័យតែម្តងនៅខែកញ្ញា (បន្ទាប់ពីមកកូរ៉េបាន ៦ខែ)។
- លោកអ្នកមិនអាចជ្រើសរើសមុខជំនាញណាដែលតម្រូវឲ្យរៀនលើសពី៤ឆ្នាំនោះទេ (ឧ. ពេទ្យ វិស្វករ..)
អរគុណ..!
ប្រភព៖ vylavorn.wordpress.com


