សារធាតុគីមីដែលអ្នកផលិតច្រើនប្រើដាក់ក្នុងចំណីអាហារមានដូច ជាសារធាតុ បូរ៉ាក់(ទឹកអន្សា) ពណ៌សំយោគ ឬសាំងតេទិចអាស៊ីដសាលីស៊ីលីកសូដ្យូមអ៊ីដ្រូសូហ្វីត (ឬម្សៅស) សារធាតុហ្វ័រម៉ុលជាដើម។
១. សារធាតុបូរ៉ាក់ ឬទឹកអន្សា
ជាសារធាតុដែលហាមឃាត់ក្នុងច្បាប់ចំណីអាហារ។ ទោះបីជាយ៉ាងណា ក៏អ្នកផលិតនៅ តែឆ្លៀតដាក់ដើម្បីឱ្យចំណីអាហាររបស់ខ្លួនមើលទៅឃើញល្អ។ ជាតិទឹកអន្សានេះ គេច្រើនដាក់លើប្រហិតសាច់គោ សាច់ប៉ាត់តេ ប្រហិតត្រី ប្រហិតសាច់មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ មីជាដើម ដើម្បីឱ្យស្វិតល្អ។ សារធាតុបូរ៉ាក់អាចធ្វើឱ្យអ្នកបរិភោគមាន អាការពុល ខ្សោយតម្រងនោម ខួរក្បាល រលាកប្រព័ន្ធរំលាយអាហារ រលាកក្រពះពោះវៀនជាដើម។ ហើយបើស្រូបយកសារធាតុ នេះកម្រិត១៥ ក្រាមចំពោះមនុស្សចាស់ និង៥ក្រាមចំពោះកូនក្មេង អាចបណ្ដាលឱ្យក្អួតឈាមស្លាប់បាន។
២. ពណ៌សាំងតេទិច ឬពណ៌សំយោគ
គេដាក់ពណ៌សាំងតេទិចលើចំណីអាហារក្នុងគោលបំណងឱ្យចំណីអាហារ ទាំងនោះ មានពណ៌ល្អស្អាតទាក់ទាញ ឬប្រើដាក់បន្ថែមពីលើពណ៌ធម្មជាតិដែលមានពណ៌ស្លែតមិនស្អាតក្នុង រយៈពេល ផលិត។ ជាពិសេស គេ ប្រទះឃើញការដាក់ពណ៌សាំងតេទិចនេះទៅលើនំច័ក្កចាន់ នំកូរ សាច់ក្រក ទឹកក្រូច ដំណាប់កន្ទួតជាដើមផងដែរ។ ម្យ៉ាងទៀត ពណ៌ សាំងតេទិចនេះប្រើលើចំណីអាហារមួយចំនួន ដូចជាបង្គាក្រៀម សាច់គោងៀត ត្រីងៀតជាដើម។ គេឃើញមានប្រើលើចំណីអាហារ មួយចំនួនទៀត ដើម្បីលើកកម្ពស់ការផលិត ដូចជាមី កំពឹសបំពងជាដើម។ ការបរិភោគចំណីអាហារដែលដាក់ពណ៌សាំងតេទិចជារៀង រាល់ថ្ងៃ ធ្វើឱ្យពណ៌សាំងតេទិចនេះជ្រាបចូលតាមស្បែក ក្រពះ និងប្រដាប់រំលាយអាហារផ្សេងទៀត ធ្វើឱ្យស្ទះការបញ្ចេញអង់ស៊ីម សម្រាប់រំលាយអាហារ ធ្វើឱ្យមិនឃ្លាន និងកាត់បន្ថយការលូតលាស់។
៣. អាស៊ីតសាលីស៊ីលិក
ការបរិភោគចំណីអាហារដែលដាក់អាស៊ីតសាលីស៊ីលិកធ្វើឱ្យប៉ះពាល់ ដល់សុខភាព យ៉ាងខ្លាំង។ សារធាតុត្រូវបានហាមដាច់ខាតមិនឱ្យប្រើប្រាស់លើគ្រឿងបរិភោគ។ ទោះបីជាយ៉ាងនេះក្ដី ក៏គេនៅតែឃើញអាស៊ីតសាលីស៊ីលិកនេះ នៅលើចំណីអាហារមួយចំនួន ដូចជាជ្រក់បន្លែ ជ្រក់ផ្លែឈើជាដើម ដើម្បីកុំឱ្យដុះផ្សិត។ ការបរិភោគចំណីអាហារដែលមានដាក់អាស៊ីត សាលីស៊ីលិកក្នុងកំហាប់ខ្ពស់ពី២៥ទៅ៣០មីលីក្រាមក្នុងឈាម១០០ មីលីលីត្រ ធ្វើឱ្យក្អួត វិលមុខ ក្ដៅខ្លួន និងស្លាប់បាន។
៤. សូដ្យូមអ៊ីដ្រូសូហ្វីត ឬម្សៅស
អ្នកផលិត និងអ្នកលក់ ច្រើនប្រើដាក់ក្នុងស្ករ ដូង ត្រញំងជ្រក់ ម្សៅធូរេន ខ្ញីហាន់ ស្លឹកគ្រៃហាន់ ស្ករត្នោត សណ្ដែកបណ្ដុះ ទឹកត្រាំបន្លែត្នោតជាដើម ដើម្បីឱ្យបានពណ៌សល្អ។ ចំណីអាហារដែលមានម្សៅសនេះនាំឱ្យអ្នក បរិភោគមានសម្ពាធឈាមធ្លាក់ចុះខ្លាំង ឈឺក្រពះ ក្អួត រាកចំពោះអ្នកងាយរងប្រតិកម្មជាដើម។ ហើយបើអ្នកបរិភោគមានជម្ងឺហឺត អាចធ្វើឱ្យស្ទះដង្ហើម សន្លប់ ជួនកាលអាចបាត់បង់ជីវិតតែម្ដង។
៥. សារធាតុហ្វ័រម៉ុល
សារធាតុ ហ្វ័រម៉ុល ជាសារធាតុរាវម្យ៉ាងដែលប្រើសម្រាប់ចាក់រក្សាសាកសពទុកឱ្យបាន យូរ។ សព្វ ថ្ងៃនេះ អ្នកផលិត និងអ្នកលក់ប្រើសារធាតុហ្វ័រម៉ុលដើម្បីត្រាំបន្លែស្រស់ ត្រាំបង្គាស្រស់ មឹកស្រស់ និងសាច់ស្រស់នានា។ សារធាតុហ្វ័រម៉ុលអាចធ្វើឱ្យអ្នកបរិភោគឈឺក្រពះ ក្អួត រាក បាត់បង់ស្មារតី បើធ្ងន់ធ្ងរអាចបណ្ដាលឱ្យស្លាប់បាន។
(ខ្លឹមសារនៅក្នុងអត្ថបទនេះដកស្រង់ចេញពីសៀវភៅសារជាតិគីមី បង្កជាតិពុល និងមេរោគបង្កជម្ងឺក្នុងចំណីអាហាររៀបរាងនិងចេញផ្សាយដោយមន្ទីរ ពិសោធន៍ជាតិត្រួតពិនិត្យគុណភាពឱសថ និងចំណីអាហារ នៃក្រសួងសុខាភិបាលប្រទេសកម្ពុជា។)


