សារព័ត៌មានកោះត្រល់

បងប្អូន​ត្រកូល​ស៊ន​បាន​អាហារូបករណ៍​នៅ​កូរ៉េ

Monday, June 10, 20130 comments



ភ្នំពេញ: កីឡាការិនី​តេក្វាន់ដូ​ជា​បងប្អូន​បង្កើត ស៊ន ដាវីន និង ស៊ន សៀវម៉ី​ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​ថ្នាក់​អន្តរជាតិ​ជូន​កម្ពុជា​នោះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​សមាគម​កីឡា​តេក្វាន់ដូ​យ៉ុងឈុន​នៃ​ប្រទេស​កូរ៉​ខាង​ ត្បូង​រយៈពេល​៦​ខែ​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ កន្លង​មក​នេះ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៧​នៅ​មីយ៉ាន់ម៉ា​នា ​ចុង​ឆ្នាំ​២០១៣​នេះ​។
ការ​ទទួល​បាន​នូវ​អាហារូបករណ៍​របស់ ស៊ន ដាវីន និង ស៊ន សៀវម៉ី គឺ​បន្ទាប់​ពី​NOCC​និង​សមាគម​តេក្វាន់ដូ​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​មាន ​កិច្ច​ព្រមព្រៀង​ពិសេស​ជាមួយ​គ្នា​សម្រាប់​ផ្តល់​ឱកាស​ឲ្យ​កីឡាការិនី​ កម្ពុជា​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ទី​នោះ​ដើម្បី​បង្រឹង​សមត្ថភាព​ត្រៀម​ចូលរួម​ ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៧​នេះ​។
គួរ​រំឭក​ថា ស៊ន​ដាវីន និង ស៊ន សៀវម៉ី បាន​ឈ្នះ​មេដាយ​រៀង​ៗ​ខ្លួន នា​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៦​នៅ​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ​២០១១ ដោយ​ក្នុង​នោះ ដាវីន បាន​ឈ្នះ​មេដាយ​ប្រាក់ ខណៈ សៀវម៉ី​ឈ្នះ​មេដាយ​សំរឹទ្ធ ហេតុ​នេះ​ហើយ​ទើប​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ​និង​NOCC​ផ្តល់​ឱកាស​ឲ្យ​អ្នក​ ទាំង​២ ចេញ​ទៅ​ហ្វឹកហាត់​លើក​នេះ នៅ​មជ្ឈមណ្ឌល​តេក្វាន់ដូ Yeong Cheon-Si នា​ខេត្ត Gyungbuk។
ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ មុន​ការ​ចេញ​ដំណើរ​របស់ ស៊ន ដាវីន និង ស៊ន សៀវម៉ី ចេញ​ទៅ​ហ្វឹកហាត់​នេះ​លោក វ៉ាត់ ចំរើន​អគ្គលេខាធិការ​នៃ NOCC បាន​លើក​ឡើង​ថា​៖​«​មជ្ឈមណ្ឌល​តេក្វាន់ដូ​Yeong​Cheon-Si​ជា​សមាគម​ដ៏​ធំ​ មួយ​ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​ហ្វឹកហាត់​ដ៏​ល្បីល្បាញ​ថ្នាក់​ពិភពលោក​។
សមាគម​នេះ​មាន​មជ្ឈមណ្ឌល​ទំនើប​គ្រប់គ្រង​ដោយ​លោក​Lee​Jong​Woo​ហើយ​លោក​ ជា​អ្នក​ធានា​ជួយ​បំប៉ន​ការ​ហូប​ចុក​ការ​ស្នាក់​នៅ​ថ្លៃ​សំបុត្រ​យន្តហោះ​ និង​ការ​អប់រំ​បច្ចេកទេស​ដល់​កីឡាការិនី​របស់​យើង ក្នុង​ការ​ចេញ​ទៅ​ហ្វឹកហាត់​លើក​នេះ។ បន្ថែម​ពី​លើ​នេះ​លោក​ក៏​បាន​ផ្តល់​ជា​សោហ៊ុយ​ចាយ​សម្រាប់​អ្នក​ទាំង​២​ផង​ ដែរ»​។
លោក​វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា​៖​«​ដោយ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​កីឡា​តេក្វាន់ដូ​នៅ​ កម្ពុជា​នោះ ទើប​ខាង​កូរ៉េ សុខ​ចិត្ត​ផ្ដល់​អាហារូបករណ៍​ដល់​កីឡាការិនី​ទាំង​២​រូប​នេះ ហើយ​អ្វី​ដែល​ខាង​កូរ៉េ​ចង់​បាន​មក​វិញ​នោះ គឺ​កីឡាការិនី​ទាំង​២​រូប​នេះ ត្រូវ​តែ​មាន​សមត្ថភាព​ដណ្តើម​មេដាយ​នៅ​ស៊ីហ្គេម​ឲ្យ​បាន»​។
លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​NOCC​បាន​ថ្លែង​ ថា​៖​«​យោងតាម​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ការ​លើក​ កម្ពស់​វិស័យ​កីឡា​តេក្វាន់ដូ​នៅ​កម្ពុជា​ភាគី​កូរ៉េ បាន​ផ្តល់​នូវ​ការ​ហ្វឹកហាត់​នេះ​ដើម្បី​ពង្រឹង​គុណភាព​បច្ចេកទេស​ ប្រឹងប្រែង​ឲ្យ​បាន​មេ​ដាយ​មាស​ក្នុង​ស៊ីហ្គេម​ហើយ​យុទ្ធសាស្ត្រ​សំខាន់​ របស់​យើង​គឺ​ជំរុញ​និង​ស្វែងរក​ឲ្យ​មាន​ដៃ​គូ​ជួយ​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ ប្រទេស​ព្រោះ​មាន​ស្តង់ដារ​អន្តរជាតិ​ហើយ​វា​ត្រូវ​ឆ្លើយតប​ទៅ​នឹង​ផែនការ​ របស់​NOCC​ដែល​មាន​គម្រោង​យក​មេដាយ​មាស​ឲ្យ​បាន​ពីរ​ខ្ទង់(១០​មេដាយ)»​។
ចំណែក​លោក Choi Yong Sok គ្រូ​បង្វឹក​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​ដែរ​ថា​៖​«​កីឡាការិនី​ទាំង​ពីរ​នេះ មាន​កាយ​សម្បទា​ល្អ​ណាស់ ហើយ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ពួកគេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​មាស​បាន នាការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ»​។
ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​លោក នួន ភា ប្រធាន​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ បាន​ផ្តាំផ្ញើ​និង​សំណូមពរ​ឲ្យ​កីឡាការិនី​ទាំង​២​រូប ចេះ​ថែរក្សា​សុខភាព និង​ប្រឹងប្រែង​ហ្វឹកហាត់ គោរព​វិន័យ​ដើម្បី​ដណ្ដើម​ឲ្យ​បាន​នូវ​មេដាយ​មាស នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៧ នា​ចុង​ឆ្នាំ​២០១៣​នេះ​ឲ្យ​បាន»។
ក្រៅ​ពី​ការ​ផ្តល់​អាហារូបករណ៍​ឲ្យ​កីឡាការិនី​តេក្វាន់ដូ ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ នេះ​លោក វ៉ាត់ ចំរើ់ន បាន​អះអាង​ថា នៅ​ខែ​ក្រោយ​ៗ​ជា​បន្តបន្ទាប់ កីឡាការិនី​ហុកគី​កម្ពុជា​មួយ​ក្រុម នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ថៃ​រយៈពេល​២​ខែ​មុន​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​ ស៊ីហ្គេម​លើក​នេះ រីឯ​កីឡា​សីប៉ាក់តាក្រ និង ទូក​ប្រពៃណី​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​មីយ៉ាន់ម៉ា​ផង​ដែរ៕

(ប្រភព៖ ខ្មែរប៉ុស្តិ៍)
Share this article :
 
Support : Cambohealthpage | Cambohealthtoday | Health4Khmer | MedicalKh | Bongpet
Copyright © 2013. Koh Tral News - All Rights Reserved | សារព័ត៌មានកោះត្រល់ - រក្សាសិទ្ធិគ្រប់បែបយ៉ាង
Contact Us Facebook | Tell: (+855)77????????
ទំនាក់ទំនង bskolapsor@gmail.com